ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរអញ្ជើញ ពលរដ្ឋដោះស្រាយ ទំនាស់សាងសង់ សំណង់ជាប់ព្រំ ដល់ថ្ងៃណាត់ប្រាប់ថាឈឺ សង្ស័យមានចេតនា ពន្យារពេល

233

ភ្នំពេញ ៖ ភាគីទំនាស់ដែលរងគ្រោះ ដោយសារអ្នកជិតខាង បុកគ្រឹះសាងសង់ផ្ទះបង្កអោយ ប៉ះពាល់ប្រេះផ្ទះបានមានប្រតិកម្ម យ៉ាងខ្លាំងចំពោះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែល បណ្តែតបណ្តោយនិងយកលេសគ្រប់បែបយ៉ាងពន្យារពេល ក្នុងការដោះស្រាយជួនប្រជាពលរដ្ឋ រងគ្រោះ ដែលបានដាក់បណ្តឹង ដូចជាធ្វើជាបាត់ពាក្យបណ្តឹង ឬមិនចុះទៅពិនិត្យ ទីតាំងទំនាស់។ អ្វីដែលនឹកហួសចិត្តទៀត នៅពេលដែលប្រជាពលរដ្ឋ ដាក់ពាក្យបណ្តឹងជាលើកទី៣ អាជ្ញាធរអញ្ជើញមកដោះស្រាយ នៅរសៀលថ្ងៃទី៣០ខែមិនា ឆ្នាំ ២០២២នេះ ភាគីទាំង២ បានចូលមកដោះស្រាយអង្គុយចាំអស់ប្រមាណជិត ២ម៉ោង ស្រាប់តែលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យអោយគេមកប្រាប់ថា ឈឺទៅវិញ ហើយអោយមន្រ្តីមកជំនួស តែមិនបានមកទៀត។

ទង្វើបែបនេះ ត្រូវបានភាគីដើមបណ្តឹង មានការសង្ស័យ ថា អាជ្ញាធរមានចេតនា ពន្យារហើយសំណង់ដែលបង្កការខូចខាតដល់អ្នកជិតខាង មានឱកាសធ្វើរហូតដល់ជិតរួចរាល់។

សំណង់ផ្ទះជួល២ល្វែង ដែលបានសាងសង់បុកគ្រឹះបង្កអោយប្រេះជញ្ជាំងផ្ទះអ្នកជិតខាងនោះ ស្ថិតនៅដីឡូតិ៍លេខ B1.B2 ភូមិ កាកាបសង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះវ៉ែន សុគន្ធភេទប្រុស ។

តាមលោក ហែម សំរិត ភេទប្រុសអាយុ ៤៩ឆ្នាំ ជាភាគីរងគ្រោះ មានលំនៅ ផ្ទះលេខ C៥ ផ្លូវលេខ២៨៥ភូមិ កាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំគ្នា បានអោយដឹងថា កាលពីកំឡុង ខែធ្នូឆ្នាំ ២០២១ ឈ្មោះវ៉ែន សុគន្ធភេទ ប្រុសដែលមានដីជាប់ព្រំផ្នែកខាងក្រោយ បានសាងសង់ផ្ទះជួល ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមិនបានដកគម្លាតពីព្រំ ។ នៅក្នុងការសាងសង់ ក៍បានបុកគ្រឹះជាប់ជញ្ជាំងបង្កអោយរញ្ជួយផ្ទះ បង្កអោយបាក់ធ្លាក់ពិដាន ក្បឿង ប្រេះជញ្ជាំងនិងឡាបូលាងចាន ។

លោក ហែម សំរិតបានបន្តទៀតថា ដោយមានការប៉ះពាល់និងរងការខូចខាត លោកក៍បានដាក់ពាក្យបណ្តឹងចូលទៅសាលាសង្កាត់ ធ្វើការដោះស្រាយ ដោយមិនត្រូវរ៉ូវគ្នា ក៍បានបញ្ជូន មកសាលាខណ្ឌពោធិ៍ សែនជ័យ ក៍បាត់ដំណឹងទើបគាត់ទៅសាកសួរនៅសាលាខណ្ឌ ជាច្រើនលើក ស្រាប់តែអាជ្ញាធរថាបាត់ ហើយអោយដាក់ពាក្យបណ្តឹងជាលើកទី២ហើយ ត្រូវបានអាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ ដែលមានលោក ហែម ដារិទ្ធ អភិបាលនៃគណះ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអោយមន្រ្តីក្រោមឱវ៉ាទហៅដោះស្រាយ សម្របសម្រួលគ្នា ត្រូវភាគី ម្ចាស់ផ្ទះបង្ក បានឯកភាព ជួយរៀបឥដ្ឋធ្វើរបងអោយដើមបណ្តឹង , រាល់ការសាងសង់ត្រូវដាក់សំណាញ់សុវត្តិភាពដើម្បី បង្ការ ហានិភ័យ ផ្សេងៗ បើសិនមានការធ្លាក់សំភារះ សំណង់ កម្ទេច ថ្ម និងសម្ភារះផ្សេងៗធ្វើអោយប៉ះពាល់ផ្ទះនិងសមាជិក គ្រួសារភាគីដើមបណ្តឹង ជាយកថាហេតុ ចុងចម្លើយ ត្រូវមានកាតព្វកិច្ចលើការជួសជួល តែ ផ្ទុយទៅវិញ ភាគីចុងចម្លើយមិនបានអនុវត្តតាមកិច្ចសន្យា នោះទេ ហើយ នៅតែបន្តសាងសង់ ទាំងមិនបាំងសំណាញ់សុវត្តិភាពទៀត ។មិនតែប៉ុណ្ណោះ អ្នកម៉ៅការសាងសង់ក៍បានដាក់ប្តឹងចោទប្រកាន់មកលើគាត់វិញថាគាបានប្រើហឹង្សាទៅវិញ។

លោក ហែម សំរិត បានបន្តទៀតថា ដោយសារតែម្ចាស់សំណង់រូបនោះ មិនគោរពកិច្ចព្រមព្រៀងនោះ ទើបរូបគាត់បានដាក់ពាក្យបណ្តឹងជាលើកទី៣ ហើយ រដ្ឋបាលខណ្ឌធ្វើលិខិតអញ្ជើញ ភាគីទាំង២ ចូលទៅដោះស្រាយ នៅរសៀលថ្ងៃទី៣០ខែមិនា ឆ្នាំ២០២២ ក្រោមអធិបតិភាព លោកព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ តែដល់ថ្ងៃកំណត់ ធ្វើអោយដើមបណ្តឹងខកចិត្ត ដោយសារតែ អភិបាលរង អោយមន្រ្តីមកប្រាប់ថា ឈឺទៅវិញ ។ បើតាមមន្ត្រីនៅសាលាបានបង្ហើបថា រាល់ណ្ដឹងប្រជាពលរដ្ឋដែលត្រូវដោះស្រាយហាក់ដូចជា ព្រងើយកន្ដើយ មិនមានចំណាត់ការណាមួយច្បាស់លាស់ ។

តាមម្ចាស់ផ្ទះដើមបណ្តឹង បានអោយដឹងថា គាត់មានការខកចិត្ត នឹងអាជ្ញាធរ ដែលមិនបានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះ ហើយចេះតែពន្យារពេល រយះពេល៣ខែហើយ ទុកអោយសំណង់នោះ ចេះតែ បន្តសាងសង់ ទាំងបំពានរហូតជិតរួច ដោយគ្មានដំដោះស្រាយឡើយ ។

ដើមបណ្តឹង ក៍បានទទួចស្នើសុំអោយអាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ មេត្តាជួយផ្អាកការដ្ឋានសំណង់នោះ ដើម្បីរងចាំការដោះស្រាយ ចប់សិនទើបសង់បន្តទៀត។ ទោះបីជាយ៉ាងណា ខាងភ្នាក់ងារយកព័ត៌មាន ពុំទទួលការបំភ្លឺណាមួយ ជុំវិញការចោទប្រកាន់របស់ដើមបណ្តឹងឡើយ៕

អត្ថបទដែលជាប់ទាក់ទង