ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះករុណា ព្រះមហាក្សត្រ នៃកម្ពុជា អំពាវនាវឱ្យបងប្អូន ជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តនូវវិធានការ សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារពីជំងឺឆ្លងកូវីដ-19

16

ភ្នំពេញ÷ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាល:ទេស:នេះ ព្រះករុណា ទ្រង់បានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តនូវវិធានការ សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួលបានសុខភាពល្អ ប្រសើរបន្តប្រតិបត្តិការងារ និងប្រកបជីវភាពប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹងជម្ងឺរាត្បាតកូវីដ-19ដែលមិនទាន់រលាយ សាបសូន្យនៅឡើយ។

ក្នុងឱកាសនេះដែរ ព្រះករុណា ព្រះមហាក្សត្រ ក៏បានកោតសរសើរ ការដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយនៅក្នុងនោះព្រះអង្គបានសម្តែងព្រះទ័យពេញចិត្តចំពោះលទ្ធផលការងារដែលរដ្ឋសភាសម្រេចបាន។ ព្រះអង្គបានមានព្រះរាជបន្ទូលថា រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅតែបន្តដំណើរការយ៉ាងស្វាហាប់លើភារកិច្ច ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីកសាងគោលនយោបាយ និងច្បាប់រដ្ឋឱ្យបានត្រឹមត្រូវ ធ្វើឱ្យមានសង្គតិភាពទៅ នឹងការអភិវឌ្ឍរបស់ប្រទេសជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។

សមិទ្ធផលទំាងអស់នេះបានផ្តល់ ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាព សុខក្សេបក្សាន្ត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ សក្តិសមជាព្រះរាជាណាចក្រ រុងរឿងនិងខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិ។

ព្រះករុណាជីវិតតម្កល់លើត្បូង បានកោតសរសើរចំពោះការដឹកនាំ ប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្ម កម្លំាងកាយ កម្លំាងចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាង នយោបាយដ៏ត្រឹមត្រូវ ក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជាអាទិ៍ ការការពារខឿនសេដ្ឋកិច្ចជាតិ បានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិសាស ន៍ និងការលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ។ ព្រះអង្គក៏បានសម្តែងបិតិសោមន្សរីករាយជាខ្លំាង ដោយតំាងពីចុង ឆ្នាំ២០២១មក ក្រោមការដឹកនាំនិងគ្រប់ គ្រងដ៏វៃឆ្លាតនៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានទទួលនូវជ័យជំនះ យ៉ាងត្រចេះត្រចង់ក្នុងការប្រយុទ្ធ ដើម្បីបង្រ្កាបនូវការរាតត្បាត នៃជំងឺកូវីដ-១៩។

ជ័យជំនះនេះបានធ្វើឱ្យរាល់សកម្មភាព នៃសង្គមជាតិបានងើបឡើងវិញ ហើយចាប់ដំណើរការងារ របស់ខ្លួនគ្រប់វិស័យ។
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបញ្ជាក់ថា ឧត្តមប្រយោជន៍ដែល ប្រជាជាតិទទួលបាន ទំាងអស់នេះ នាំឱ្យប្រជារាស្រ្តកម្ពុជា ក៏ដូចជា ព្រះអង្គមានការពេញចិត្ត ពេញព្រះទ័យណាស់ ចំពោះវឌ្ឍនភាពជា បន្តបន្ទាប់រហូតមកនេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង