ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងការងារ៖ ពេញមួយសប្តាហ៍ របស់ប្រតិភូបេសកកម្ម ដោយផ្ទាល់របស់អង្គការILO នឹងពិនិត្យឃើញយ៉ាងច្បាស់ ពីការវិវត្តវិស័យ ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

26

ភ្នំពេញ៖ ពេញមួយសប្តាហ៍នេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ ដែលដឹកនាំដោយលោក Takanobu Teramoto និងសហការីបានមកបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ ក្រៅពីជួបពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូក៏បានជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ និងដៃគូសង្គមផ្សេងទៀត ដើម្បីស្វែងយល់ពីស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ប្រតិភូបេសកកម្មដោយផ្ទាល់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកពិនិត្យមើលពីការអនុវត្តសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈនៅប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្តមជឿជាក់ថា តាមរយៈកិច្ចប្រជុំដ៏មមាញឹកពេញមួយសប្តាហ៍ជាមួយភាគី និងស្ថាប័នពាក់ព័ន្ធកន្លងទៅ បេសកកម្មបានពិនិត្យឃើញយ៉ាងច្បាស់អំពីស្ថានភាពពិតនៃការវិវត្តវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំត្រីភាគី ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងសហជីព និងតំណាងនិយោជក ជាមួយប្រតិភូបេសកកម្មដោយផ្ទាល់ ធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង គណៈប្រតិភូបេសកកម្មផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ បានសំដែងនូវអំណរគុណ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលផ្តល់កិច្ចសហការយ៉ាងពេញលេញ ក្នុងការបំពេញបេសកកម្មនៅកម្ពុជាដំណើរទៅដោយរលូន ហើយបានសម្រេចទៅតាមគោលបំណងនៃបេសកកម្មរបស់ខ្លួន។

គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើអោយប្រសើរឡើងនូវ សិទ្ធការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ បើទោះជានៅមានបញ្ហាសេសសល់ក៏ដោយ បន្ទាប់ពីបានជួបធ្វើការជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហជីព តំណាងនិយោជក និងដៃគូសង្គមនានាដែលធ្វើការពាក់ព័ន្ធនិងសិទ្ធការងារ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរទាំងឡាយ ដើម្បីយកមកធ្វើសេចក្តីសន្និដ្ឋាន សម្រាប់ផ្តល់ជាអនុសាសន៍ដល់គ្រប់ភាគីយកទៅអនុវត្តន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាបាននូវសិទ្ធិការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ដូចដែលមានចែងក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ ជាពិសេសអនុសញ្ញាលេខ ៨៧ និង៩៨ ដែលរាជរដ្ឋាភិបាលកម្ពុជាពិតជាមានការប្តេជ្ញាខ្ពស់ណាស់ ក្នុងការខិតខំអនុវត្តស្របតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈការខិតខំពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គោលនយោបាយទេសន្តរប្រវេសន៍ការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ ៥ដំណាក់កាលហើយ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង លើកឡើងថា ដោយសារតែកម្ពុជាបានអនុវត្តបានយ៉ាងល្អនូវ នយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់និងបទដ្ឋានការងារអន្តរជាតិ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គការអន្តរជាតិខាងការងារដែលធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ ធានានូវការការពារសិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ បានជាវិស័យកាត់ដេរ ផលិតស្បែកជើង និងការបូប បានរីកចំរើនយ៉ាងខ្លាំង និងដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០។ ជាក់ស្តែង វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងជាង១២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់។ តម្លៃនៃការនាំចេញនៅក្នុងវិស័យនេះបានកើនឡើងពី ២២៧ លានដុល្លារអាម៉េរិក ដល់ ៩ ៧៦៨ លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នា។ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ មានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន ៥ ៧៧៣ ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៥ ៤៦៤, សហព័ន្ធសហជីពចំនួន ២៥៧, សហភាពសហជីពចំនួន ៤០, និងសមាគមនិយោជកចំនួន ១២។ ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាសហជីពថ្មីចំនួន ២៦២។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តសេរីភាពសមាគមនៅព្រះរាជាណាចក្រកម្ពុជាអាចធ្វើឡើងបាន តាមរយៈច្បាប់ស្តីពីសហជីព និងច្បាប់ផ្សេងទៀតដែលមានដូចជា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ ហេតុនេះ ប្រទេសកម្ពុជាមិនត្រឹមតែមានប្រព័ន្ធច្បាប់ដែលធានាយ៉ាងទូលំទូលាយនូវការអនុវត្តសេរីភាពក្នុងការបង្កើតសមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសជាក់ស្តែងសម្រាប់ការអនុវត្តសេរីភាពនៃសមាគមផងដែរ។ ប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ជនណាម្នាក់ក្នុងការចូលរួមសហជីពណាមួយ ដោយផ្អែកលើឆន្ទៈរបស់ពួកគេឡើយ។ សេរីភាពជាមូលដ្ឋាន ក៏ដូចជាសេរីភាពក្នុងការចូលរួម ឬបង្កើតសហជីពដែលមានចែងក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ត្រូវបានទទួលស្គាល់ និងធានាក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង