ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា ជម្រុញឲ្យជម្រើសជាតិ ខំហាត់ដើម្បីសម្រេចក្ដីសុបិន្ដ

70

ភ្នំពេញ៖នាយបេសកកម្មរបស់កម្ពុជាសម្រាប់ស៊ីហ្គេមគឺឯកឧត្តមវ៉ាត់ចំរើនបានជម្រុញឲ្យកីឡាករកីឡាការិនីជម្រើសជាតិទាំង៣៣ប្រភេទកីឡាប្រឹងប្រែងហ្វឹកហាត់ដើម្បីប្រជែងមេដាយនៅវៀតណាមនាខែក្រោយនេះដើម្បីកិត្យានុភាពជាតិរបស់យើង។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិនានាកាលពីល្ងាចថ្ងៃទី
២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា( NOCC )ស្តីពីការត្រៀមលក្ខណៈសម្បត្តិចូលរួមស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
ឯកឧត្តមនាយបេសកកម្មគូសបញ្ជាក់ថានេះជាកិច្ចប្រជុំដ៏មានសារសំខាន់មួយក្នុងការបញ្ជូនសារជូនដល់សហព័ន្ធកីឡាជាតិទាំងអស់ត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម នាខែក្រោយនេះ។

ជាមួយគ្នានេះដែរឯកឧត្តមបានស្នើឲ្យតំណាងសហព័ន្ធកីឡាជាតិទាំង៣៣ប្រភេទកីឡាត្រួតពិនិត្យលើការថែទាំសុខភាពសុវត្ថិភាពរបស់កីឡាករកីឡាការិនីជម្រើសជាតិមុនពេលចេញទៅប្រកួតឲ្យបានល្អប្រសើរ ក៏ដូចជាត្រៀមលក្ខណៈក្នុងការរៀបចំឯកសារពាក់ព័ន្ធ ឧបករណ៍សម្ភារប្រកួតនិងកិច្ចការនានាដែលខ្លួនត្រូវធ្វើឬមិនទាន់បានបំពេញត្រូវបំពេញបែប
បទគ្រប់ទម្រង់ឲ្យបានរួចរាល់។
នាយបេសកកម្មរូបនេះក៏បានជំរុញឲ្យសហព័ន្ធនានាទទួលយកព័ត៌មានឲ្យបានច្បាស់លាស់ពីកាលបរិច្ឆេទការចេញដំណើរកាលបរិច្ឆេទនៃការប្រកួតរបស់ប្រភេទកីឡានីមួយៗទីលានប្រកួត ពីគណៈកម្មការប្រកួតស៊ីហ្គេមវៀតណាមផងដែរ។
សហព័ន្ធកីឡាជាតិទាំងអស់ត្រូវផ្តល់រាល់ព័ត៌មានទាំងឡាយជូនដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា ដែលកិច្ចសហការនេះ មានប្រធានទទួលបន្ទុករួម នាយបេសកកម្ម នាយរងបេសកកម្មជាដើម។
អ្វីដែលសំខាន់បំផុតឯកឧត្តមបានស្នើឲ្យសហព័ន្ធកីឡាជាតិទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់សម្រាប់កីឡាករកីឡាការិនីរបស់ខ្លួនដែលជាតួឯកដែលត្រូវឡើងទៅប្រយុទ្ធផ្ទាល់លើទីលានប្រកួតក្នុងការស្វែងរកឧត្តមភាពបច្ចេកទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ស្មារតីដែលសំខាន់បំផុតរបស់អត្តពលិកជម្រើសជាតិគឺត្រូវមានឆន្ទៈមោះមុតសេចក្តីក្លាហានហើយត្រូវជំរុញទឹកចិត្តពួកគាត់ឲ្យបានល្អពោលគឺជំរុញឲ្យស្មារតីប្រយុទ្ធក្នុងបច្ចេកទេសឲ្យបានល្អបំផុតដើម្បីប្រជែងមេដាយនិងកិត្យានុភាពជាតិក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍រៀងរាល់២ឆ្នាំម្តងមួយនេះឲ្យបានល្អ។ការប្រកួតនេះមិនសំខាន់តែទៅលើគុណភាពបច្ចេកទេសតែមួយមុខនោះទេ ពោលគឺត្រូវមានការពាក់ព័ន្ធនឹងទិដ្ឋភាពជុំវិញខ្លួនទាំងអស់ ដូចជាសុខភាពជាដើម។

ឯកឧត្តមសូមផ្ញើសារជាថ្មីម្តងទៀតជូនដល់ក្រុមជម្រើសជាតិកម្ពុជាទាំងអស់ត្រូវថែទាំសុខភាពឲ្យល្អមាំមួនដើម្បីបំពេញកាតព្វកិច្ចឲ្យបានល្អហើយត្រឡប់មកពីស៊ីហ្គេមនៅវៀតណាមវិញប្រកបដោយសុខសុវត្ថិភាពនិងជ័យជម្នះ ដែលជាក្តីសុបិនដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន៕

អត្ថបទដែលជាប់ទាក់ទង