ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលឯកភាព ឲ្យរៀបចំ ការប្រកួតកីឡាជាតិលើកទី៣ ជាផ្លូវការហើយ

62

ភ្នំពេញ៖សម្ដេចអគ្គមហាសេបតីតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យក្រសួងអប់រំយុវជននិងកីឡារៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ហើយ។

ព្រឹត្តិការណ៍នេះត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺបន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំគោលការណ៍ កាលពីដើមខែមេសាកន្លងទៅ ដើម្បីរៀបចំការប្រកួតកីឡាជាតិ លើកទី៣នាខែវិច្ឆិកាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

យោងតាមសេចក្ដីជូនដំណឹងលេខ ៣០៥សជណ អ.វ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។សេចក្ដីជូនដំណឹងមានខ្លឹមសារថារាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ជូនក្រសួងអប់រំយុវជននិងកីឡារៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិមរតកតេជោ»។
ព្រឹត្តិការណ៍កីឡាជាតិបានខកខានរៀបចំម្ដងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោយផ្ទុះជំងឺរាតត្បាលជាសកលកូវីដ-១៩ បន្ទាប់ពីធ្លាប់រៀបចំដោយជោគជ័យចំនួន២លើកកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨។ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡាក៏បានប្រកាសរៀបចំព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះឡើងវិញតាមទម្រង់ស៊ីហ្គេមដើម្បីជាបទពិសោធក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ
២០២៣។

តាមគម្រោងការប្រកួតកីឡាជាតិលើកទី៣នឹងរៀបចំការប្រកួតនៅទីលាន៦រាជធានីខេត្តពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងប្រារព្ធពិធីបើកបិទព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧,០០០នាក់។ ចំពោះប្រភេទកីឡាដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺមាន ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទកីឡា។ នេះបើយោតាមស្មារតីកិច្ចប្រជុំតាមអនឡាញ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កាលពីថ្មីៗកន្លងទៅ៕

 

អត្ថបទដែលជាប់ទាក់ទង