ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ ៖ សូមសមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍

29

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៨៨រូប នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្ស នេះដែរក៍មានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារមេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១ ចំនួន ៨៨រូបផងដែរ ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានមតិស្វាគមន៍ និងបានសំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជូនដល់ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះ ។

បន្ទាប់មកលោក ឌី រ័ត្នខេមរុណ បានលើកឡើងពី វឌ្ឍនភាព ការអភិវឌ្ឍន៍ សន្តិភាព និងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផលជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការគិតគូរប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវអោយគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងអោយបានល្អប្រសើរ ត្រូវ ត្រៀមខ្លួន ត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះដែលជិតចូលមកដល់ ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និង បន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត ។ សូមប្រឆាំងដាច់ខាត រាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ និងការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជាយើង ។

ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកា គណបក្ស ចំនួន ៨៨នាក់ ក្នុង១ម្នាក់ ២០.០០០ រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង