ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ បានអញ្ជើញ ជាអធិបតីក្នុង វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

29

 

ភ្នំពេញ ៖ នៅវេលាម៉ោង ០៧ និង៣០ នាទីព្រឹក ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ បានអញ្ជើញចូលរួម ក្នុងវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះ មានការចូលរួមពីគ្រូបង្គោលមកពីមន្ទីរផែនការ រាជធានីភ្នំពេញ, ចៅសង្កាត់ទាំង៧ និងអ្នកទទួលបន្ទុក កិច្ចការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ព្រមទាំងមន្ត្រីសង្កាត់ដែលប្រើប្រាស់តាប្លែត (Tablet)ចំនួន ២នាក់ ក្នុងមួយសង្កាត់ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងអំពី អនុក្រឹត្យលេខ ២៩១ អនក្រ.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានកំណត់ឱ្យក្រសួងផែនការដឹកនាំ និងគ្រប់គ្រងដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និង ធ្វើបច្ចុប្បន្នកម្មទិន្នន័យព័ត៌មានជាប្រចាំ ដែលទិន្នន័យគ្រួសារក្រីក្រត្រូវបានប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ផ្ដល់អន្តរាគមន៍ ជំនួយសង្គមផ្សេងៗជាច្រើន ជាពិសេសសម្រាប់ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង បានន្ថែមថា គិតត្រឹមឆ្នាំ២០២០ ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមជុំ បានប្រមូលទិន្នន័យ និង ធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្ររៀងរាល់បីឆ្នាំម្តង ទាំងនៅទីប្រជុំជន ទាំងនៅទីជនបទ។ ប៉ុន្តែក្នុងចន្លោះពេលបីឆ្នាំនេះ មានគ្រួសារមួយចំនួនដែលមានការលំបាកផ្នែកជីវភាព មិនទាន់បានកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដោយមូលហេតុធ្វើចំណាកស្រុក គ្រួសារខ្លះអវត្តមានក្នុងពេលដំណើរការកំណត់អត្ត សញ្ញាណគ្រួសារក្រីក្រ និងក៏អាចមានគ្រួសារមួយចំនួនមានការប្រែប្រួលស្ថានភាពជីវភាព ការកើនសមាជិក គ្រួសារថ្មី ការបាត់បង់ជីវិតសមាជិកគ្រួសារ ការរៀបអាពាហ៍ពិពាហ៍ ។ល។

នីតិវិធីអត្តសញ្ញាណ កម្មគ្រួសារក្រីក្រថ្មីនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួម និងមានការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន អង្គការនានា និងអ្នកមានចំណែកពាក់ព័ន្ធ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់ សម្រាប់ជាមូលដ្ឋានក្នុងការផ្តល់សេវាសុខភាព កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ដោយសារមហន្តរាយនានា ពិសេសក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និង ជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ។

ជាទីបញ្ចប់ លោក ឌី រ័ត្នខេមរុណ បានជូនពរ លោក លោកស្រី ជួបតែសេចក្តីសុខ សុភមង្គល និងជៀសផុតពីជំងឺកូវីដ-១៩ សូមជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុវណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ៕

អត្ថបទដែលជាប់ទាក់ទង