ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

MOUទី១០៥ របស់អង្គភាពប្រឆាំងអំពើពុករលួយ ជាមួយវិស័យឯកជន បានគ្របដណ្តប់ ដោយក្រុមហ៊ុនជាង១ពាន់ ដែលជាសភាពាណិជ្ជកម្មគ្រឹះស្ថានឯកជនគ្រឹះស្ថានសាធារណៈជាតិ និងបរទេស

41

 

ភ្នំពេញ ៖ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២២ បានថ្លែងថា ថ្ងៃនេះ អ.ប.ព.និងក្រុមហ៊ុន ហ្វាញ ហ្លរីង (ខេមបូឌា) ឯ.ក FINE FLOORING (CAMBODIA) CO., LTD. បានព្រមព្រៀងគ្នាជាឱឡាឫក ចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) មួយបង្ហាញជាសាធារណៈនូវឆន្ទៈប្តូរផ្តាច់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យឯកជន ហើយឆ្លងតាម MOU ដ៏មានតម្លៃនេះ FINE FLOORING នឹងក្លាយជាសមាជិកថ្មីមួយអង្គទៀតនៃ MOU CLUB.អ.ប.ព..វិស័យឯកជន។

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈ MOU នាថ្ងៃនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នា MOUទី១០៥ របស់អង្គភាពប្រឆាំងអំពើពុករលួយ ជាមួយវិស័យឯកជន ដែលបានគ្របដណ្តប់ ដោយ ក្រុមហ៊ុនជាង១ពាន់ ដែលជាសភាពាណិជ្ជកម្មគ្រឹះស្ថានឯកជនគ្រឹះស្ថានសាធារណៈជាតិ និងបរទេស។ MOU មួយច្បាប់ គឺជាដុំថ្ម១ដុំនៃជំនឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយ MOU ជាង ១០០ កន្លងមកនេះ កំពុងក្លាយជាជញ្ជាំងរឹងមាំកាន់តែធំឡើងៗ ដើម្បីការពារវិស័យឯកជន ក្នុងការប្រកបធុរៈកិច្ចនៅកម្ពុជា ឱ្យបានប្រកបដោយសមធម៌ យុត្តិធម៌ ស្របតាមនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គមគ្គុទេស៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពជាទីស្រឡាញ់ជាបង្អែកជាតិកម្ពុជាដ៏រឹងមាំមិនអាចខ្វះបាន។ គោរពនិងអនុវត្តតាមកម្មវិធី និងគោលនយោបាយនះ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នោះហើយ អ.ប.ព. បានបង្កើតនូវអនុស្សរណៈនៃការយោគ យល់គ្នានេះ ដើម្បីចងបាច់វិស័យឯកជនក្នុងបុព្វហេតុរួម ហើយក្រៅពី អ.ប.ព. ក៏បានដាក់ចេញនូវ វិធានការសមស្របនានាតាមរយៈយន្តការការពារផ្នែកច្បាប់ និងទប់ស្កាត់ការទារកម្រៃសេវាខុស ច្បាប់ ដើម្បីផ្តល់ជាប្រយោជន៍ជូនភាគីដែលបានចុះ MoU ជាមួយ អ.ប.ព.។

ឯកឧត្តម បានបន្តថា កិច្ចការជាច្រើន អ.ប.ព. បាននិងកំពុងដោះស្រាយប្រកបដោយការយកចិត្តទុកដាក់ និងយ៉ាងសកម្មអំពីសំណូមពរ និង ពាក្យប្ដឹងរបស់វិស័យឯកជន ដែលបាននិងកំពុងជួបប្រទះពាក់ព័ន្ធនឹងធុរកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវការប្រកួតប្រជែងស្មោះត្រង់ និងស្មើភាព។ ក្រៅពីនេះ អ.ប.ព. បានបោះពុម្ព និងផ្សព្វផ្សាយ” សៀវភៅណែនាំស្តីអំពីកម្មវិធីប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ចនៅកម្ពុជា ដែលជាមគ្គុទេសន៍ សម្រាប់វិស័យឯកជនទូទៅនៅកម្ពុជា ឲ្យប្រកាន់យកនិងមានការប្តេជ្ញាចិត្ត ក្នុងការអនុវត្តធុរកិច្ចល្អ និងស្អាតស្អំ។ ការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង កិច្ចប្រជុំតុមូល ជាមួយភាគីចុះ MoU អ.ប.ព.បានរៀបចំជាបន្តបន្ទាប់ ហើយតាមរយៈវេទិកានេះ ក៏បានផ្ដល់ឱកាសដល់ ក្រុមហ៊ុនទាំងនោះ លើកពីបញ្ហាកង្វល់និងបញ្ហាជួបប្រទះផ្សេងទៀត ដើម្បីរួមគ្នាផ្លាស់ប្តូរយោបល់ ក្នុងការស្វែងរកដំណោះស្រាយរួម។

ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជម្ងឺ Covid-19 រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ.ប.ព.នៅតែបន្តអនុវត្តការងាររបស់ខ្លួនជាប្រចាំ ដោយទទួលបានពាក្យប្តឹង និងសំណូមពរមួយចំនួនពីក្រុមហ៊ុនចុះ MoU និងបានបញ្ចប់ការដោះស្រាយរួចរាល់ និងមួយចំនួនទៀតកំពុងបន្តពិនិត្យ និងដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង