ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងម៉ាល់ឌីវ ក្នុងឆ្នាំ២០២១ កើនឡើងប្រមាណ ៣៨% ធៀបទៅនឹងឆ្នាំ២០២០

54

(ភ្នំពេញ) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mohamed Jinah ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរក្នុងឱកាស Mohamed Jinah ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ព្រមទាំងបានសាទរចំពោះទំនាក់ទំនងល្អរវាងកម្ពុជា-សាធារណរដ្ឋម៉ាល់ឌីវ និងប្តេជ្ញាបន្តទំនាក់ទំនងនេះឱ្យកាន់ជិតស្និទ្ធ និងយូរអង្វែង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបឯកឧត្តម ឯកអគ្គរដ្ឋទូតអំពីកំណើនជាវិជ្ជមាននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ ៣៨% ធៀបទៅនឹងឆ្នាំ២០២០។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីយន្តការ និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដើម្បីឱ្យកម្ពុជាមានលទ្ធភាពបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញ ជាពិសេសតាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងធំធេង និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបើកសកម្មភាពសង្គម-សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញវិនិយោគ ដើម្បីស្តារសេដ្ឋកិច្ចជាតិឱ្យមានកំណើនឡើងវិញ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីសក្តានុពលនៃផលិតផលកសិកម្មគន្លឹះរបស់កម្ពុជា ដែលអាចនាំចេញសម្រាប់ការបំពេញតម្រូវការភ្ញៀវទេសចរណ៍នៅម៉ាល់ឌីវ ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការ ដែលបានអនុញ្ញាតទទួលឯកឧត្តម និងសហការីឱ្យចូលជួបពិភាក្សាការងារ ជាពិសេសដើម្បីស្វែងយល់ពីបរិបទនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ដែនកោះម៉ាល់ឌីវ ត្រូវបានគេទទួលស្គាល់ជាគោលដៅដ៏មានសក្តានុពលដែលភ្ញៀវទេសចរណ៍មិនដែលរំលង ហេតុនេះ ទាមទារឱ្យមានការវិនិយោគបន្ថែមលើវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី បន្ទាប់ពីការបើកប្រទេសឱ្យរស់នៅតាមបែបគន្លងថ្មី។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ឯកឧត្តមរីករាយនឹងស្វាគមន៍គណៈប្រតិភូកម្ពុជាគ្រប់លំដាប់ថ្នាក់ ដើម្បីជាការផ្លាស់ប្តូរទំនាក់ទំនងការទូត និងជាការបើកផ្លូវឱ្យវិស័យឯកជនរវាងប្រទេសទាំងពីរមានឱកាសជួប និងចាប់ដៃគូវិនិយោគលើវិស័យឈានមុខគេរបស់ម៉ាល់ឌីវ។

តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់សម្រាប់កម្ពុជា និងម៉ាល់ឌីវក្នុងការពិនិត្យបើកជើងហោះហើរត្រង់ រៀបចំវេទិកាធុរកិច្ចសម្រាប់ធុរជន ផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងការចូលរួមកម្មវិធីតាំងពិព័រណ៌ផលិតផល ឬកម្មវិធីសម្តែងបង្ហាញវប្បធម៌និងសិល្បៈនានា ដើម្បីស្វែងរកដៃគូវិនិយោគក្នុងវិស័យទេសចរណ៍ និងឧស្សាហកម្មកែច្នៃត្រីធូណារបស់ម៉ាល់ឌីវ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាពិសេសការលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្តួចផ្តើមឱ្យការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់នាំនៃប្រទេសទាំងពីរ ធុរជន និងអ្នកវិនិយោគ ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពជំរុញ និងស្តារសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង