ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចសន្ទនាតុមូល កម្ពុជា-អូស្ត្រាលី ស្តីពីការវិនិយោគ

120

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែ មេសា ឆ្នាំ២០២២ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (ក.អ.ក.) បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចសន្ទនាតុមូល កម្ពុជា-អូស្ត្រាលី ស្តីពីការវិនិយោគ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលសហការរៀបចំឡើងដោយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា​ និង ក.អ.ក.។ កិច្ចសន្ទនានេះមានការអញ្ជើញចូលរួមពីសំណាក់លោក Andreas Zurbrugg ភារធារីស្ថានទូត​អូស្ត្រាលីប្រចាំកម្ពុជា, តំណាងក្រសួង ស្ថាប័នចំនួន ១២ របស់រាជរដ្ឋាភិបាលកម្ពុជា, វិនិយោគិន​អូស្រ្តាលីដែលកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជាដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ៦០រូប។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានលើកឡើងថា គោលបំណងនៃកិច្ចសន្ទនាតុមូល គឺដើម្បីផ្តល់ឱកាស​ជូនវិនិយោគិន និងមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាអំពី​កាលានុវត្តភាពវិនិយោគ និងបញ្ហាប្រឈមនានា សំដៅរួមគ្នារកវិធីដោះស្រាយ។ កិច្ចពិភាក្សាក្នុងកិច្ចសន្ទនាតុមូលនាពេលនេះ ក៏នឹងក្លាយជាមូលដ្ឋាននៃការរៀបចំសៀវភៅស្តីពីឧត្តរមានុវត្តន៍សម្រាប់កិច្ចសម្រួលវិនិយោគនៅកម្ពុជា ដែលគម្រោងនេះគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីផងដែរ។ ឯកឧត្តមបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង​ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចអនុញ្ញាតឱ្យមានការជួបប្រាស្រ័យគ្នាដោយផ្ទាល់ក្នុងកិច្ចសន្ទនាតុមូលនាពេលនេះ​។ កត្តានេះ បានបង្ហាញថាកម្ពុជាជាប្រទេសមានសុវត្ថិភាព បានបើកទ្វារ និងរង់ចាំទទួលស្វាគមន៍ការវិនិយោគ។​

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានសម្តែងនូវអំណរគុណ​ដល់​រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងស្ថានទូតអូស្ត្រាលីនៅកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹង​ប្រែងរបស់ កម្ពុជាក្នុងការជំរុញនិងទាក់ទាញវិនិយោគ និងការចូលរួមកសាងនិងលើកកម្ពស់សមត្ថភាពមន្ត្រីដែលមានភារកិច្ចពាក់ព័ន្ធនឹងកិច្ចការវិនិយោគនាពេលកន្លងមក និងនាពេលខាងមុខនេះ។ គួររំលឹកផងដែរថា ឆ្នាំនេះជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាង​កម្ពុជា និងអូស្ត្រាលី ហើយកិច្ចការដែលយើងអនុវត្តរួមគ្នានាពេលនេះ មិនត្រឹមតែបានចូលរួមពង្រឹងដល់ចំណងមិត្តភាព និងទំនាក់ទំនងការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចូលរួមពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

អត្ថបទដែលជាប់ទាក់ទង