ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វ៉ា គឹមហុង ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវ នយោបាយកសាងព្រំដែន : «កសាងព្រំដែនកម្ពុជា ជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ»

23

មណ្ឌលគិរី ៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមដំណើរដោយ ឯកឧត្តម មេបញ្ជាការរងវិស្វកម្ម លោកស្នងការ ស្នងការរង មន្រ្តីជំនាញនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នាយទាហានជំនាញ និងអាជ្ញាធរស្រុកជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថាបនាដោយកងឯកភាពលេខ៧១១ កងឯកភាពវត្ថុរារាំងលេខ៧២ កងឯកភាពស្ថាបនាសំណង់សិល្បការ្យលេខ៧៤ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ឯកឧត្តម វ៉ា គឹមហុង បានមានប្រសាសន៍កោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកងឯកភាពលេខទាំង៣ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ពុះពារជម្នះនូវ រាល់ឧបសគ្គ- ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការ ស្ថាបនា ផ្លូវខ្សែក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់លើទឹកដី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងច្រើនគួរជាទីពេញចិត្ត។

ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវនយោបាយកសាងព្រំដែន : «កសាងព្រំដែនកម្ពុជា ជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព» ដោយដើរទន្ទឹមនឹងការអនុវត្ត «គោលការណ៍កសាងខឿនការពារប្រទេស គឺជារបស់ប្រជាជនគ្រប់រូប » ព្រមទាំងរួមចំណែកក្នុងការរៀបចំកិច្ចការសង្គម បើកច្រកព្រំដែននានា ការពង្រីកវិស័យកសិឧស្សាហកម្ម ទេសចរណ៍ បង្កើនផលិតផលប្រកបដោយសក្តានុពលពហុវិស័យជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកកសាងពង្រឹងខឿនការពារជាតិ ដោយផ្អែកលើប្រជាជនធ្វើជាមូលដ្ឋានគ្រឹះគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត នឹងធ្វើជាសក្សីរស់ប្រកបដោយនិរន្តរភាព រួមទាំង «ការងារកសាងបោះបង្គោលខ័ណ្ឌសីមា និងការកសាងផ្លូវជាដៃគូបំពេញឱ្យគ្នាទៅវិញទៅមក» ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មានប្រសាសន៍ ណែនាំ និងក្រើនរំលឹក​ដល់​មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន នៃ​កងឯកភាព​ទាំង៣ ត្រូវសហការជាមួុយអាជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរការ​ស្ថាបនា​ផ្លូវ និង​រាល់​សំណង់​សិល្ប​ការ្យ ឱ្យបាន​ត្រឹមត្រូវ តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស សំដៅ​ធានា​ឲ្យ​រាល់​សំណង់ មាន​សោភ័ណភាព មានគុណ​ភាពរឹងមាំ និង​សម្រេចបានជោគជ័យនូវភារកិច្ចជាប្រវត្តិសាស្ត្រ ដែលសម្ដេច​អគ្គមហាសេនាបតីតេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា សម្ដេច​ពិជ័យសេនា អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ នៃ​កងយោធពលខេមរភូមិន្ទ ជឿទុកចិត្តប្រគល់ឲ្យ។
ក្នុងឱកាសចុះបំពេញបេសកម្មនោះដែរ ក៏បានផ្តល់ជាគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែននោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង