ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិន បើកកិច្ចប្រជុំឧត្តមមន្រ្តីបច្ចេកទេស ដើម្បីត្រៀមរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ សម្រាប់ ឆ្នាំ២០២២

28

 

ភ្នំពេញ ៖ កិច្ចប្រជុំឧត្តមមន្រ្តីបច្ចេកទេសកម្ពុជា-ចិន ដើម្បីត្រៀមរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ ត្រូវបានរៀបចំឡើង តាមរយៈប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីលោកស្រីCai Lixin អភិបាលរងខេត្តក្វាងស៊ី លោក វ៉ាង ឡី អគ្គលេខាធិការនៃគណៈកម្មការពិព័រណ៍ចិន-អាស៊ាន មន្រ្តីជាន់ខ្ពស់នៃអគ្គលេខា ធិការដ្ឋានអាស៊ាន មន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍ នៃប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ឯកអគ្គរាជទូតនៃប្រទេស ប្រ៊ុយណេ ប្រចាំប្រទេសចិន មន្រ្តីស្ថានឯកអគ្គកុងស៊ុល និងស្ថានតំណាងពាណិជ្ជកម្ម របស់ប្រទេសសមាជិកអាស៊ាន ប្រចាំនៅ ប្រទេសចិននិងទីក្រុងណាននីង ចូលរួមយ៉ាងច្រើនកុះករ។

លោក វ៉ាង ឡី អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានបានគូសបញ្ជាក់ថា ដរាបណា កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងចិននិងអាស៊ាននៅតែបន្ត ពិព័រណ៍ចិន-អាស៊ាន នៅតែជាវេទិកាដ៏មានសារៈសំខាន់សម្រាប់បន្តជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។

សម្រាប់ការត្រៀមលក្ខណៈរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២នេះ លោក បានស្នើសុំឱ្យមានការចូលរួម គាំទ្រពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដែលជាដៃគូសហការរៀបចំ និងបានស្នើសុំឲ្យរៀបចំផែនការសកម្មភាពចាំបាច់ មួយចំនួន ដូចជាការជ្រើសរើសក្រុមហ៊ុនចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិក ស្នើសុំការសហការគ្នារៀបចំព្រឹត្តិការណ៍ អមសំខាន់ៗ ដូចជា វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ កិច្ចប្រជុំទ្វេភាគី ជំនួបពាណិជ្ជកម្ម និងអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្លែងសុន្ទរកថា បើកសម្ពោធពិព័រ ណ៍ តាមរយៈការថតចាក់ផ្សាយ ជាដើម។

លោកបានបន្តថា កម្ពុជា ក្នុងនាមដៃគូសហការរៀបចំពិព័រណ៍ចិន-អាស៊ាន ជាមួយប្រទេសចិន បានបង្ហាញជំហរគាំទ្រដល់ ដំណើរការរៀបចំពិព័រណ៍នេះ និងបានត្រៀមលក្ខណៈដើម្បីទៅចូលរួមរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២នេះ តាមការអញ្ជើញរបស់ភាគីចិន និងតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

ក្រសួងពាណិជ្ជកម្មកំពុងដំណើរការជ្រើសរើសក្រុមហ៊ុនដែលមានសក្តានុពល និងមានការិយាល័យតំណាង ឬ មានផលិតផល និងសេវានៅប្រទេសចិនស្រាប់ សម្រាប់ចូលរួមក្នុងពិព័រណ៍នេះ និងកំពុងដំណើរការជ្រើសរើសក្រុមហ៊ុនកម្ពុជា សម្រាប់ការចូលរួម ពិព័រណ៍ខាងលើ តាមប្រព័ន្ធ Online ដូចបណ្តាឆ្នាំកន្លងទៅ។

បើតាមសេចក្តីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ ចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃ ទី២៧ មេសា បានឲ្យដឹងថា ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវា ទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជាឲ្យបានជ្រាបថា ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អាស៊ាន ចំនួន១៨ លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយ គណៈកម្មការរៀបចំ ពិព័រណ៍ចិន-អាស៊ាន នឹងបន្តរៀបចំពិព័រណ៍ ចិន-អាស៊ាន លើកទី១៩ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់ ចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធអនឡាញ ។

លោកវ៉ាង ឡី បានឲ្យដឹងថា ដោយស្ថានភាពនៃជំងឺ កូវីដ-១៩ មិនទាន់អាចព្យាករណ៍បាននៅប្រទេសចិន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម ផ្តល់អាទិភាពខ្ពស់ដល់ ក្រុមហ៊ុន ឬសហគ្រាសកម្ពុជា ដែលមានសាខា ឬតំណាងចែកចាយ ផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញលើកទឹកចិត្តការចូលរួមពីចម្ងាយតាមរយៈការបញ្ជូនផលិតផល និងសេវាទៅចូលរួម ដាក់តាំងបង្ហាញជូនអ្នកទស្សនា និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។

ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ ឬ តាមប្រព័ន្ធ អនឡាញ សូមមកបំពេញ បែបបទ និងដាក់ពាក្យសុំចូលរួម ឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាកំណត់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង