ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក​ នឹង​ផ្តល់​ហិរញ្ញប្បទាន ​ឥត​សំណង ​ប្រមាណ ៦២ លានដុល្លារ ដល់កម្ពុជាសម្រាប់​ឆ្នាំទី១​ នៃ​កិច្ច​ព្រម​ព្រៀង ៥ឆ្នាំ

29

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ(USAID) បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ (DOAG) រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៦២ លានដុល្លារអាមេរិក សម្រាប់​ឆ្នាំទី១​នៃ​កិច្ច​ព្រម​ព្រៀង ៥ឆ្នាំនេះ ដោយ​ក្នុង​នោះ​ហិរញ្ញប្បទាន​ប្រមាណ ៤១,៦ លានដុល្លារ សម្រាប់​វិស័យ​សុខាភិបាល​និងអប់រំ និង ២០,៥ លានដុល្លារ សម្រាប់​វិស័យ​កសិកម្ម និង​បរិស្ថាន ដែលអនុវត្ត​ដោយ​ភ្នាក់ងារអនុវត្តគម្រោង​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍(DOAG) ដែលទើបតែចុះហត្ថលេខានេះ ហិរញ្ញប្បទានប្រមាណ ៣៣៨ លានដុល្លារអាមេរិក នឹងគ្រោងផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និង ចីរភាព តាមរយៈការអនុវត្តតម្រោងក្នុងវិស័យកសិកម្ម និងបរិស្ថាន ព្រមទាំងការពង្រឹងសេវាសុខភាព, អប់រំ និងគាំពារកុមារផងដែរ។

គិតចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទាន ការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណ ១,៧ ពាន់លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពដូចជា វិស័យ សុខាភិបាល, អប់រំ, បរិស្ថាន, កសិកម្ម, អភិបាលកិច្ច, ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបន្តការគាំទ្រ និងប្តេជ្ញារួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយ បរិយាប័ន្ន និងចីរភាព ជាពិសេសសម្រាប់ការរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩ នៅកម្ពុជា។ ទន្ទឹមនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានកោតសរសើរ ចំពោះការបន្តកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាប្រយោជន៍រួមដល់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង