ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ ចុះអនុស្សរណៈ នៃការយោគយល់ ជាមួយ អង្គការភីពផលអ៊ីននីត នៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហការ លើការងារ គ្រោះមហន្ដរាយនៅកម្ពុជា

33

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការភីពផលអ៊ីននីតនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្រ្គោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តិទៅ នារសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២២នេះ ដោយមានការចូល រួមពី លោក បណ្ឌិត ហង្ស សាមឿន,ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានិងជាអនុប្រធាន គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. និងលោក លូកាស ឡូបេក (Lukas Laube) នាយកប្រចាំប្រទេស នៃអង្គការភីពផលអ៊ីននីត នៅកម្ពុជា ព្រមទាំង លោក-លោកស្រី អគ្គលេខាធិការរង, ទីប្រឹក្សា គ.ជ.គ.ម. អស់ លោក-លោកស្រី និងមន្រ្តីអង្គការ ភីពផលអ៊ីននីត នៅកម្ពុជា ។
ពិធីចុះអនុស្សរណៈនេះមានគោលបំណង
ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការឱ្យកាន់ តែជិតស្និទ្ធ រវាងគ.ជ.គ.ម. និងអង្គការភីពផលអ៊ីននីតនៅកម្ពុជា ក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្រ្គោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់នេះ នឹងមានសុពលភាព សម្រាប់រយៈពេល៣ឆ្នាំបន្ត ដោយគិតចាប់ពីកាលបរិច្ឆេទ នៃការចុះហត្ថលេខាតទៅ។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ និងក្នុងនាម លោក ទេសរដ្ឋមន្រ្តី អនុប្រធានទី១ លោកហង្ស សាមឿន បានអគុណ ចំពោះអង្គការភីពផលអ៊ីននីតនៅកម្ពុជា ដែលបានសហការ យ៉ាងជិតស្និទ្ធ ជាមួយ គ.ជ.គ.ម. ចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ក្នុងនោះប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ត្រូវបានពង្រីក នៅទូទាំងប្រទេស និងបានទទួលស្គាល់ថាជារបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានធ្វើការកត់សម្គាល់ដោយសេចក្តីពេញចិត្តថា អង្គការភីពផលអ៊ីននីតនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរាជរដ្ឋាភិបាល កម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ អង្គការភីពផលអ៊ីននីតនៅកម្ពុជា ក៏បាន ចុះអនុស្សរណៈ នៃការយោគយល់ជាមួយ គ.ជ.គ. ម.ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ។
លោកបានជំរុញលើកទឹកចិត្តដល់ អង្គការភីពផលអ៊ីននីតនៅកម្ពុជា ក្នុងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀតជាមួយ គ.ជ.គ.ម. លើការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តគម្រោង, ពិគ្រោះយោបល់, សិក្ខាសាលា, ការបណ្ដុះបណ្ដាល និងសកម្មភាពនានារួមគ្នា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង