ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា ចេញប្រកាស ក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន

60

 

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ បានប្រកាសព័ត៌មានស្តីពីក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន ដូចនេះ វាជាការចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មានដែលត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈនិង ក្រមសីលធម៌ដើម្បីធ្វើឲ្យការផ្សព្វផ្សាយរបស់ខ្លួនមានតម្លៃ ជាប្រយោជន៍ដល់សាធារណៈ ដល់សង្គមជាតិ និងជាពិសេសទទួលបានជំនឿទុកចិត្តពីមហាជនទូទៅ។

ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកសារព័ត៌មានក្នុងការអនុវត្តវិជ្ជាជីវរបស់ខ្លួន។ កន្លងមក ក្លិបអ្នកកាសែតកម្ពុជាសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនទទួលបានការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវ:សារព័ត៌មាន និងប្រតិបត្តិក្រមសីលធម៌បានត្រឹមត្រូវ។ ប៉ុន្តែមួយចំនួនទៀតនៅ មានកម្រិត ឬមិនបានអនុវត្តទៅតាមវិជ្ជាជីវៈនិងក្រមសីលធម៌នៅឡើយ ដែលជាហេតុធ្វើឲ្យការផ្សព្វផ្សាយរបស់ខ្លួននៅមានកម្រិត និងមិនបានឆ្លើយតបទៅនឹងការវិវឌ្ឍរបស់សង្គម និងតម្រូវការចាំបាច់ របស់សាធារណជន ហើយពេលខ្លះទៀត ក៏ទទួលរងនូវការរិះគន់ពីសាធារណជនយ៉ាងខ្លាំង។

ដូចនេះ វាជាការចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មានដែលត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈនិង ក្រមសីលធម៌ដើម្បីធ្វើឲ្យការផ្សព្វផ្សាយរបស់ខ្លួនមានតម្លៃ ជាប្រយោជន៍ដល់សាធារណៈ ដល់សង្គម ជាតិ និងជាពិសេសទទួលបានជំនឿទុកចិត្តពីមហាជនទូទៅ។

ដើម្បីជាជំនួយស្មារតីដល់អ្នកសារព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជាបានចងក្រងខ្លឹមសារក្រមសីលធម៌ និងបានធ្វើបច្ចុប្បន្នភាពលើចំណុចមួយចំនួន សំដៅធ្វើយ៉ាងណាឲ្យការងាររបស់អ្នកសារ ព័ត៌មានកាន់តែមានគុណតម្លៃ និងក្លាយជាប្រយោជន៍ពិតប្រាកដដល់មហាជន និងសង្គមទាំងមូល។

ខ្លឹមសារនៃក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាមានដូចខាងក្រោមនេះ៖

១-ការស្វែងរក និងរាយការណ៍ព័ត៌មានពិត

១-១ ការសរសេរ ការនិយាយ និងការផ្សព្វផ្សាយទាំងឡាយរបស់អ្នកសារព័ត៌មានត្រូវឈរ លើកាពិតនិងភាពត្រឹមត្រូវ។

១-២ ប្រើវិធីដោយសុចរិតដើម្បីស្វែងរកដំណឹង រូបថត និងឯកសារផ្សេងៗដើម្បីចុះផ្សាយ។

១-៣ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទ្បើងវិញមុនការផ្សព្វផ្សាយដើម្បីបញ្ជាក់អំពីការពិត និងភាព ច្បាស់លាស់នៃហេតុការណ៍។

១-៤ ត្រូវបែងចែកឲ្យដាច់ពីគ្នារវាងព័ត៌មាន និងការបញ្ចេញទស្សន:យោបល់ដើម្បីញែកឲ្យដាច់ពីគ្នារវាងហេតុការណ៍និងការបញ្ចេញមតិ។

១-៥ រាល់ការបញ្ចេញមតិយោបល់ ឬការរិះគន់ត្រូវធ្វើឡើងដោយថ្លៃថ្នូរ និងត្រូវគោរពសិទ្ធិអ្នកដទៃ។

១-៦ ត្រូវរាយការណ៍តែហេតុការណ៍ដែលខ្លួនបានឃើញនិងបានដឹងពីប្រភពច្បាស់លាស់ ហើយផ្ទៀងផ្ទាត់ឲ្យបាន ត្រឹមត្រូវ។

១-៧ ត្រូវផ្សព្វផ្សាយព័ត៌មានពិត ឥតលំអៀង និងច្បាស់លាស់ដែលសាធារណជនមិនភាន់ច្រឡំ។

១-៨ អ្នកសារព័ត៌មានគប្បីផ្ដល់ឱកាសដល់គ្រប់ភាគីដែលពាក់ព័ន្ធនៅក្នុងសាច់រឿង។

១-៩ ត្រូវព្យាយាមស្វែងរកអ្នកពាក់ព័ន្ធនៅក្នុងសាច់រឿងព័ត៌មានដើម្បីផ្ដល់ឱកាសឲ្យពួកគេបានបកស្រាយរឿង ដែលពាក់ព័ន្ធនឹងខ្លួនគេ ឬការចោទប្រកាន់ណាមួយពីភាគីម្ខាងទៀត។

២- ការទទួលខុសត្រូវ

២-១ អ្នកសារព័ត៌មានត្រូវទទួលខុសត្រូវចំពោះរាល់ការផ្សព្វផ្សាយដែលខុសការពិត ហើយត្រូវចុះផ្សាយកែតម្រូវ ដោយអនុលោមទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

២-២ អ្នកសារព័ត៌មានមិនត្រូវលួចចម្លងអត្ថបទអ្នកដទៃទាំងស្រុង ឬកែច្នៃដោយផ្នែកខ្លះ ដើម្បីយកមកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួនឡើយ។ ករណីរូបថតក៏ដូចគ្នាដែរ។ អ្នកសារព័ត៌មានមានសិទ្ធិដកស្រង់ផ្នែកខ្លះពីស្នាដៃរបស់អ្នកដទ តែត្រូវបញ្ជាក់ប្រភព។

២-៣ អ្នកសារព័ត៌មានត្រូវប្រកាន់ភាពថ្លៃថ្នូរ និងចៀសវាងការធ្វើឱ្យខូចប្រយោជន៍ ឬធ្វើឱ្យបែកបាក់សាមគ្គីភាពរវាងអ្នកសារព័ត៌មាន។

២-៤ អ្នកសារព័ត៌មានមិនគួរបង្ហាញជាសាធារណៈនូវរូបភាពរបស់ខ្លួនជាមួយនឹងគ្រឿងស្រវឹងឬ គ្រឿងអបាយមុខ ផ្សេងៗដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិឡើយ។

៣- ប្រភព៖

៣-១ ក្នុងករណីមានការស្នើសុំពីម្ចាស់ប្រភពព័ត៌មាន អ្នកសារព័ត៌មានត្រូវរក្សាភាពសម្ងាត់ជូនប្រភពនោះ ដោយ មិនត្រូវប្រើសិទ្ធិអំណាចរបស់ខ្លួនដោយបំពានដើម្បីបង្ហាញអត្តសញ្ញាណរបស់ប្រភពដែលសុំមិនបញ្ចេញឈ្មោះ នោះឡើយ។

៤- សិទ្ធិបុគ្គលឯកជនះ

៤-១ អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិបុគ្គលឯកជនស្របតាមគោលការណ៍ច្បាប់។

៤-២ អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានលើជីវិតឯកជនរបស់បុគ្គលណាម្នាក់ឡើយ លើកលែងតែមានភាព ចាំបាច់ដែលតម្រូវឲ្យមានការផ្សព្វផ្សាយដើម្បីបម្រើនិងការពារផលប្រយោជន៍សាធារណ:និងប្រយោជន៍សង្គម។

៤-៣ ក្នុងករណីដែលត្រូវធ្វើរឿងពាក់ព័ន្ធទៅនឹងទុក្ខសោក និងភាពតក់ស្លុតរបស់បុគ្គល ការសាកសួររបស់អ្នកសារព័ត៌មានត្រូវធ្វើឡើងដោយយល់ចិត្ត ប្រកបដោយការប្រុងប្រយ័ត្ន និងមិនត្រូវធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់ បុគ្គលដែលពាក់ព័ន្ធនោះទេ។ តែបញ្ហានេះក៏មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សេចក្តីរាយការណ៍ប្រកបដោយភាពត្រឹមត្រូវ នោះដែរ។

៤-៤. មិនត្រូវបង្ហាញរូបថតរបស់បុគ្គលណាម្នាក់ ដោយសារតែនិយោជកបញ្ឈប់ពីការងារនោះទេ លើកលែងតមាន ការយល់ព្រមជាមុនពីបុគ្គលនោះផ្ទាល់។

៥- ការគោរពសិទ្ធិស្ត្រី កុមារ និងជនពិការះ

៥-១. អ្នកសារព័ត៌មានមិនត្រូវប្រើពាក្យពេចន៍បណ្ដុះបង្អាប់ដែលធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គល ជាពិសេសស្ត្រី កុមារ និងជនដែលមានពិការភាព។ មិនត្រូវប្រើប្រាស់រូបភាពអាក្រាត ឬរូបភាពស្រើបស្រាលរបស់ជនរងគ្រោះក្នុងការផ្សព្វផ្សាយដែលធ្វើឲ្យ

៥-២.បាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលជាពិសេសស្ត្រី។

៥-៣ អ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់ពាក្យ ឬឃ្លាដែលហាក់ដូចជាមានការវិនិច្ឆ័យទៅលើជនរងគ្រោះ ឬជនសង្ស័យដែលជាស្ត្រី កុមារ និងជនដែលមានពិការភាពឡើយ។ ឧទាហរណ៍ពាក្យ៖ ស្ត្រីពេស្យា ស្រីខូច អ្នកញៀន ថ្នាំ កំបុតដៃ កំបុតជើង ឡប់សតិ ។ល។

៥-៤ អ្នកសារព័ត៌មានមិនត្រូវធ្វើកិច្ចសម្ភាសន៍ និងថតរូបកុមារ ដែលមានអាយុតិចជាង១៨ឆ្នាំ លើកលែងតែមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល ឬអ្នកដែលទទួលខុសត្រូវលើរឿងនោះ។

៥-៥ អ្នកសារព័ត៌មានមិនត្រូវប្រើសម្ភារ:ការលួងលោម ឬប្រាក់ជាថ្នូរនឹងការទទួលបានព័ត៌មានពីកុមារទេ។

៦- ការរើសអើង៖

៦-១ អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬសេចក្តីបញ្ជាក់នានាដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ ជនដែលមានពិការភាព ឬអ្នកជំងឺផ្លូវកាយ និងផ្លូវចិត្តឡើយ។

៦-២ អ្នកសារព័ត៌មានត្រូវជៀសវាងការសរសេរដោយប្រើពាក្យពេចន៍សម្ព បុរេវិនិច្ឆ័យ ប្រើអាកប្បកិរិយា មើលងាយ និងការប្រកាន់ពូជសាសន៍ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការភាពរាងកាយ ពិការ ស្មារតី។

៦-៣ អ្នកសារព័ត៌មានត្រូវចៀសវាងការសរសេរលម្អិតអំពីពូជសាសន៍ ពណ៌សំប្បុរ សាសនា ភេទ ជំងឺផ្លូវកាយ និង ផ្លូវចិត្តរបស់បុគ្គល ឬជនដែលមានពិការភាព វៀរលែងតែជាការបញ្ចេញព័ត៌មានដោយអាជ្ញាធរមានសមត្ថកិច្ច ដោយភាពចាំបាច់ណាមួយ។

៧- ការសូកប៉ាន់៖

៩-១ អ្នកសារព័ត៌មានត្រូវជៀសវាងទទួលយកនូវការផ្គាប់ផ្គុន ឬការតម្រូវចិត្តនរណាម្នាក់ដែលនាំឲ្យអាប់ឱន និង ប៉ះពាល់ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។

៩-២ អ្នកសារព័ត៌មានមិនត្រូវទទួលយកសំណូកដើម្បីជាថ្នូរនឹងការផ្សាយ ឬមិនផ្សព្វផ្សាយព័ត៌មាននោះឡើយ។

៨- ការរាយការណ៍ពីអំពើឧក្រិដ្ឋក

៨-១ អ្នកសារព័ត៌មានមិនត្រូវធ្វើបុរេវិនិច្ឆ័យនៅក្នុងអត្ថបទ ឬសេចក្ដីរាយការណ៍ព័ត៌មាន អំពីបទឧក្រិដ្ឋដែលកំពុង ស្ថិតក្រោមការស៊ើបអង្កេត ហើយដែលតុលាការមិនទាន់វិនិច្ឆ័យនោះឡើយ។

៨-២ នៅពេលរាយការណ៍ពីអំពើឃាតកម្ម គប្បីត្រូវយកចិត្តទុកដាក់ជៀសវាងការផ្សាយលំអិតពីវិធីដែលប្រើប្រាស់ ក្នុងការសម្លាប់ដែលមានលក្ខណៈហួសហេតុ។

៨-៣ អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋ និងមិនត្រូវថតរូបឬ ចោទប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជននៅពេលដែលតុលាការមិនទាន់បានវិនិច្ឆ័យទោសនៅឡើយ។

៨-៤ សាច់ញាតិ ឬមិត្តភ័ក្តិរបស់អ្នកដែលត្រូវបានចោទប្រកាន់ ឬកាត់ទោសពីបទឧក្រិដ្ឋ ជាទូទៅមិនត្រូវបង្ហាញ អត្តសញ្ញាណដោយគ្មានការយល់ព្រមពីពួកគេឡើយ លើកលែងតែពួកគេជាអ្នកជាប់ទាក់ទងនឹងរឿងក្ដីតែម្តង។

៨-៥ ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់សុវត្ថិភាពអ្នកដែលងាយរងគ្រោះ ជាពិសេសកុមារដែលជាសាក្សី ឬក៏ជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម។

៨-៦. មិនត្រូវបង្ហាញអត្តសញ្ញាណជនរងគ្រោះដោយការរំលោភផ្លូវភេទ និងជនសង្ស័យមិនគ្រប់អាយុឬផ្សព្វផ្សាយ នូវអ្វីដែលរួមចំណែកក្នុងការធ្វើឲ្យស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ លើកលែងតែមានហេតុផលស្របច្បាប់។

៨-៧ អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈមិនសមរម្យ ឃោឃៅ ឬអំពើហិង្សាលើរាង្គកាយ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកដទៃនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង