ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ ពុំមានសមត្ថកិច្ច ក្នុងការបង្គាប់បញ្ជាទៅតុលាការ

218

 

ភ្នំពេញ ៖ នារសៀល ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីឆ្លើយតបតាមសំណើសុំ មកក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាតំណាងក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការីជាន់ខ្ពស់ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន នាទីស្តីការក្រសួងយុត្តិធម៌ ។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា រសៀលនេះ តំណាងឯកឧត្តមរដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ឆ័យ តំណាងគណបក្សភ្លើងទៀន និងទទួលបានលទ្ធផលដូចខាងក្រោម៖
តំណាងគណបក្សភ្លើងទៀនបានស្នើសុំចំនួន២ចំណុច ដូចខាងក្រោម៖

១. ស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះ សកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងដំណើរនីតិវិធីតុលាការ។
២. ស្នើសុំឱ្យមានការពន្យានីតិវិធីតុលាការ លើសកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅ ក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។
ជាការឆ្លើយតប តំណាងក្រសួងក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនដោយផ្អែកលើទិដ្ឋភាពច្បាប់ចំនួន ២ ចំណុចដូចខាងក្រោម៖

ទី១-ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះ សកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ៖

− តំណាងក្រសួងយុត្តិធម៌ បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឱ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ ហើយក្រសួងយុត្តិធម៌ដែលជាស្ថាប័ននីតិប្រតិបត្តិពុំមានសមត្ថកិច្ច និងសិទ្ធអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។

− តំណាងក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា មានតែការចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់ តុលាការទេ ដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ក្នុងការការពារខ្លួន ដោយគួរពឹងពាក់មេធាវីក្នុងការជួយការពារក្តីនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។

ទី២-ពាក់ព័ន្ធការស្នើសុំឱ្យមានការពន្យារនីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ- សង្កាត់ ខាងមុខនេះ, ក្រសួងយុត្តិធម៌ពុំមានសមត្ថកិច្ចក្នុងការបង្គាប់បញ្ជាទៅតុលាការនោះទេ។

កន្លងមក, ក្រសួងយុត្តិធម៌ពុំដែលណែនាំឱ្យមានការពន្យារនីតិវិធីតុលាការនោះទេ គឺមានតែផ្តល់គោលការណ៍ណែនាំ ឱ្យពន្លឿនដំណើរការនីតិវិធីសំណុំរឿង ដោយផ្អែកទៅលើផ្លូវច្បាប់ ដូចជាក្នុងយុទ្ធនាការនៃការដោះស្រាយ ការកកស្ទះសំណុំរឿងជាដើម ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែននៅតាមពន្ធនាគារ។

ជាចុងក្រោយ, តំណាងក្រសួងយុត្តិធម៌ បានទទួលយកសំណើរបស់តំណាងគណបក្សភ្លើងទៀន ដើម្បីពិនិត្យ និងពិចារណា ទៅតាមសមត្ថកិច្ចរបស់ក្រសួង ដែលច្បាប់អនុញ្ញាត និងបានស្នើទៅតំណាងគណបក្សភ្លើងទៀន ឱ្យជួយធ្វើការណែនាំទៅសកម្មជនរបស់ខ្លួន ក្នុងការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចង់ឱ្យមានការអនុវត្តច្បាប់៕

អត្ថបទដែលជាប់ទាក់ទង