ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរខួប ៧០ឆ្នាំ នៃសាលាបារាំងរឺណេដេកាត

22

 

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សាលាបារាំងរឺណេដេកាត (Lycée français René Descartes) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីអបអរខួប ៧០ឆ្នាំ នៃសាលាបារាំងរឺណេដេកាត នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងទីភ្នាក់ងារសម្រាប់ការសិក្សាភាសាបារាំងនៅបរទេស និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅថ្ងៃទី០៦ ឧសភា ២០២២ នា សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានថ្លែងនូវអំណរសាទរ និងកោតសរសើរដល់សាលាបារាំងរឺណេដេកាត សម្រាប់ភាពជោគជ័យនៃដំណើរការរយៈពេល ៧០ឆ្នាំនៅប្រទេសកម្ពុជា ពោលគឺចាប់តាំងពីឆ្នាំ១៩៥១។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានកោតសរសើរផងដែរដល់គុណភាពនៃកម្មវិធីសិក្សាព្រមទាំងប្រព័ន្ធនៃការបង្រៀនតាមបែបបារាំង ដែលសាលាកំពុងអនុវត្ត និងទទួលបានទំនុកចិត្តពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមអំពី កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលស្ដែងឡើងតាមរយៈ សេចក្ដីប្រកាសស្ដីពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌផែនការរួមសម្រាប់ភាសាបារាំង និងសកម្មភាពជាច្រើនផ្សេងទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សាលាបារាំងរឺណេដេកាត ព្រមទាំងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងដែលបន្តខិតខំប្រឹងប្រែងចូលរួមលើកកម្ពស់អភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង