ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បញ្ជាទិញទឹកខ្មៅលុបមិនជ្រះ ៥២,០០០ដប ពីឥណ្ឌា ដើម្បីបម្រើឱ្យការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

30

ភ្នំពេញ៖ បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាផលិតជាផ្លូវការនូវទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃ ចំនួនសរុប ៥២,០០០ដប ក្នុង១ដប ចំណុះ ៧០មីលីលីត្រ ពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. របស់ប្រទេសឥណ្ឌា ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។

ជាក់ស្តែង ដើម្បីឱ្យភាពជឿជាក់លើគុណភាព ទឹកខ្មៅលុបមិនជ្រះនេះ នៅព្រឹកថ្ងៃទី១៣ ខែសឧភា ឆ្នាំ២០២២នេះ គ.ជ.បបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ការសាកល្បងទឹកខ្មៅលុបមិនជ្រះ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានគូសបញ្ជាក់ថា៖ «ដូច្នេះមិនខុសពីការបោះឆ្នោតអាណត្តិមុនៗ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេសក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាពហើយក៏មានប្រទេសជាង៣០ នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដូចជា៖ កម្ពុជា ម៉ាឡេស៊ី សឹង្ហបុរី អាហ្វិកខាងត្បូង នីហ្សេរីយ៉ា អាហ្វហ្កានីស្ថាន…។ល។»។

បើតាមលោក ហ៊ែល សារ៉ាត់ បានបន្ថែមថា ក្នុងចំនួននេះ គ.ជ.ប បែងចែកដូចខាងក្រោម៖

*ទី១៖ ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោត២ដប
*ទី២៖ បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់
និងទី៣៖ រក្សាទុកនៅ គ.ជ.ប មួយចំនួន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង