ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុង

30

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុង ក្នុងសម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្ដម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទទួលទានអាហារប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យល្អ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជៀសវាងការកើតជំងឺផ្សេងៗរាប់រយប្រភេទ។ លើសពីនេះ សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កម្ពុជា បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះចូលជាធរមាន។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា សេចក្ដីព្រាងច្បាប់នេះ មានចំណុចសំខាន់ៗចំនួន៤ រួមមាន៖
– ការបង្កើតឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប
– ការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដានិងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
– សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម
– សេចក្តីព្រាងច្បាប់នេះ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំបាននូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក។

ជាលទ្ធផល អង្គប្រជុំវិសាមញ្ញ នីតិកាលទី៤ នៃព្រឹទ្ធសភា បានពិភាក្សា និងអនុម័តគាំទ្រលើសេចក្ដីព្រាងច្បាប់នេះតាមជំពូក និងមាត្រានីមួយៗ ដោយរក្សាខ្លឹមសារដើមទាំងស្រុង។ ជាមួយគ្នានេះ អង្គប្រជុំបានសម្តែងការកោតសរសើរដល់គណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង