ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ ប្រារព្វឡើងក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់”

207

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្ម កម្ពុជា រៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ជាលក្ខណៈពាក់កណ្តាលអនឡាញ ដោយប្រារព្វឡើងដោយផ្ទាល់នៅ រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Wu Guoquan អគ្គទីប្រឹក្សាពាណិជ្ជកម្មចិនប្រចាំកម្ពុជា និង ប្រារព្វឡើងស្របគ្នាតាមប្រព័ន្ធវីដេអូពីរដ្ឋធានីប៉េកាំងក្រោមអធិបតីភាព ឯកឧត្តម Qian Keming អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះ មានការចូលរួមដោយផ្ទាល់ ពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាគម វិស័យឯកជនកម្ពុជា-ចិនជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមាន សេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងវេទិកាធុរកិច្ច និងវិនិយោគចិន-កម្ពុជា តាមរយៈប្រព័ន្ធវីដេអូនៅរសៀលនេះ។

ក្នុងនាមក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ទាំងអស់ដែលបានចូលរួមវេទកាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានបន្ថែមថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាត្រូវបានធ្វើឱ្យស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ។ ការកសាងរួមគ្នានៃ “ខ្សែក្រវាត់ និងផ្លូវ” ត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។

ថ្លែងក្នុងសុន្ទរកថាបើកវេទិកា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថាថ្ងៃនេះ ក្នុងនាម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយជាអនេក ដោយមាន កិត្តិយសចូលរួមជាអធិបតីជាមួយ ឯកឧត្តម Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីបើក “វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន” ក្រោមប្រធានបទ “ការចែករំលែក កាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់” នាពេលរសៀលនេះ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការ របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា-ចិន ក្នុងនោះក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីខែមករាឆ្នាំ២០២២ថ្មីៗនេះ។

បន្ទាប់មកមានការធ្វើបទបង្ហាញរបស់ក្រសួង-ស្ថាប័នរដ្ឋរបស់កម្ពុជាដែលរួមមាន៖ ទី១-បទបង្ហាញស្តីពី ស្ថានភាពទូទៅនៃសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ដោយថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មកម្ពុជា, ទី២-បរិយាកាស និងការលើកកម្ពស់គោលនយោបាយវិនិយោគកម្ពុជា ដោយតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទី៣-គុណសម្បត្តិនៃការនាំចេញផលិតផលកសិកម្ម ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងទី៤-បរិយាកាសនៃការវិនិយោគ នៅខេត្តព្រះសីហនុ ដោយអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បន្ទាប់មកទៀតមានការធ្វើបទបង្ហាញរបស់វិស័យឯកជនចិនដែលកំពុងធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។

វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ ដែលបានប្រារព្វឡើងក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់” បានបញ្ចប់ដោយជោគជ័យ ទទួលបានផ្លែផ្កា និងសម្រេចបាននូវគោលបំណងក្នុងការពង្រឹងនិងពង្រីក វិស័យធុរកិច្ច និងវិនិយោគរវាងកម្ពុជា-ចិន ព្រមទាំងទាក់ទាញធុរជន និងវិនិយោគិនចិនបន្ថែមទៀតឱ្យមកបណ្តាក់ទុន និងប្រកបអាជីវកម្មនៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង