ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកបក្សភ្លើងទៀនជាង១០នាក់ ចូលរួមដង្ហែក្បួនឃោសនា ជាមួយគណបក្សប្រជាជនឃុំត្បែងមួយ ប្រធានក្រុមការងារគណបក្សប្រជាជនខេត្តព្រះវិហារ ថ្លែងអំណរគុណ

197

ព្រះវិហារ សមាជិកបក្សភ្លើងទៀនចំនួនជាង១០នាក់ បានចូលរួមដង្ហែក្បួនឃោសនា ជាមួយគណបក្សប្រជាជនឃុំត្បែងមួយ ហើយត្រូវបានលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសង្គមថ្មី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀនទាំង១១នាក់នេះ ដែលបានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំត្បែងមួយ ស្រុកសង្គមថ្មី នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២នេះ។

  លោក សំ លាងទ្រី បានថ្លែងថា បន្ទាប់ពីក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាឃុំត្បែងមួយចប់ពេលដែលលោកអង្គុយហូបបាយជុំគ្នាជាមួយសមាជិកក្នុងស្នាក់ការ ក្រុមការងាររបស់លោកបាននិយាយប្រាប់លោកថា ព្រឹកមិញនេះ មានសមាជិកបក្សភ្លើងទៀនចូលរួមដង្ហែជាមួយយើងដែរ ហើយពួកគាត់ចង់ជួបលោក ឮក្រុមការងារនិយាយដូច្នេះលោកសឹងតែមិនជឿ ព្រោះមិនដែលមាន ទើបលោកអនុញ្ញាតឲ្យនាំពួកគាត់ចូលជួបដើម្បីសួរនាំចង់ដឹងតើការពិតនោះយ៉ាងណា។

  លោក ស៊ុន វឿត ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បាននិយាយរៀបរាប់ថា លោកត្រូវបានក្រុមការងារគណបក្សភ្លើងទៀន ហៅឲ្យជួយផ្តិតមេដៃគាំទ្រ តែលោកមិនដឹងថាគាំទ្រអីទេ លោកចេះតែផ្តិតតាមគេទៅ បន្ទាប់មកគេថតរូបរបស់លោកថាផ្ញើទៅថ្នាក់លើ លុះក្រោយមកទៀតលោកឃើញរូបថត របស់លោកត្រូវគេយកទៅបិទនៅក្នុងបញ្ជីបេក្ខភាព ក្រុមប្រឹក្សាឃុំរបស់គណបក្សភ្លើងទៀន ទើបលោកមានការភ្ញាក់ផ្អើលក្នុងចិត្ត នឹងខឹងខ្លាំងណាស់ចង់ទៅហែករូបថតចោលទេ ដោយមានការណែនាំបងប្អូនលោកក៏សម្រេចចិត្តដាក់ពាក្សលាលែងវិញទៅ។

  ដើម្បីបញ្ជាក់ពីការស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា និងដើម្បីកុំឲ្យគេយល់ច្រឡំថា លោកជាសមាជិកបក្សភ្លើងទៀនតទៅទៀត ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ លោកបានដឹកនាំសមាជិកចំនួន១០នាក់ទៀត ចូលរួមដង្ហែក្បួនឃោសនាជាមួយគណបក្សប្រជាជនកម្ពុជាឃុំត្បែងមួយ និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ព្រមទាំងសន្យានាំសមាជិកបក្សភ្លើងទៀនផ្សេងទៀង មកចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនថែមទៀតផង។

  បន្ទាប់ពីបានស្តាប់ការបកស្រាយបំភ្លឺរបស់ថ្នាក់ដឹកនាំ សមាជិកបក្សភ្លើងទៀនទាំង១១នាក់រួចមក លោក សំ លាងទ្រីបានថ្លែងនូវការអរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការស្ម័គ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពិសេសក៏សូមកោតសរសើរ ដែលបានចូលរួមដង្ហែក្បួនឃោសនា ជាមួយគ្នានាពេលនេះ។

  លោក សំ លាងទ្រី ក៏បានថ្លែងបញ្ជាក់ផងដែរថា ដោយអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងអនុវត្តតាមការណែនាំពីលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំជាច្រើនរូបទៀត ក្រុមការងារគណបក្ស ចុះជួយស្រុកសង្គមថ្មី បានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ តាមរយះការកសាងនូវអំពើល្អនិងការកសាងសមិទ្ធិផលនានាជូនពួកគាត់។

  ដូច្នេះការសម្រេចចូលរួមពីសមាជិកបក្សភ្លើទៀននាពេលនេះ លោក សំ លាងទ្រី យល់ថា ដោយសារតែពួកគាត់មើលឃើញពីការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ពីសំណាក់ក្រុមការងារគណបក្សប្រជាជនកម្ពុជារបស់យើងមិនមែនគេចូលមកដោយសារយើងយកលុយទៅទិញទឹកចិត្តគេនោះទេ។ ហើយគណបក្សប្រជាជនកម្ពុជាក៏មិនមានវប្បធម៌យកលុយទៅទិញទឹកចិត្ត និងការស្រឡាញ់ពីអ្នកណាដែរ។ ការស្រឡាញ់ដោយបេះដូងទើបជាការស្រឡាញ់ពិតប្រាកដ។

  ក្នុងនាមប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នា ដោយត្រូវបោះឆ្នោតជូនគណបក្សប្រជឋជនកម្ពុជា ដើម្បីឲ្យ ភូមិ ឃុំ របស់យើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀតមាន«គណបក្សប្រជាជនកម្ពុជាគឺមានសន្តិភាពនិងការអភិវឌ្ឍន៍»

 

អត្ថបទដែលជាប់ទាក់ទង