ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាទទួលស្គាល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមានលក្ខណៈចាក់ស្រែះជ្រៅ

98

 

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានផ្ដល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា “៥ខែហើយ គិតចាប់តាំងពីការជូនព័ត៌មានលើកដំបូងរបស់ខ្ញុំដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ាកាលពីខែមករា ដើមឆ្នាំនេះ។ ខ្ញុំបានចូលរួមជូនព័ត៌មានជាលើកទីពីរនៅយប់នេះ”។

ជាក់ស្តែង ប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ យ៉ាងណាក្តី មិនមែនមានន័យថាអស់សង្ឃឹមនោះទេ ដរាបណាយើងទាំងអស់ រួមទាំងអាស៊ាននិងសហគមន៍អន្តរជាតិ បន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ាប្រកបដោយការស្ថាបនា ផ្ទុយពីនយោបាយឯកោនិយម។

កម្ពុជាទទួលស្គាល់ថាវិបត្តិមីយ៉ាន់ម៉ាគឺមានលក្ខណៈចាក់ស្រែះជ្រៅ។ ស្របពេលដែលយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន យើងនៅតែសង្ឃឹមថាកិច្ចប្រឹងប្រែងនោះនឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាទាំងមូល។

ប្រមុខការទូតកម្ពុជា បានបន្តថា “ខណៈពេលដែលខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកទីពីរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលដ៏ខ្លីខាងមុខនេះ ខ្ញុំតែងតែគិតពីចំណុចសំខាន់ៗចំនួនប្រាំ៖ ១) ការបញ្ឈប់អំពើហិង្សា ២) ការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ៣) យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ៤) ជំនួយមនុស្សធម៌ និង ជាពិសេសចុងក្រោយ ៥) សុទិដ្ឋិនិយម”៕

អត្ថបទដែលជាប់ទាក់ទង