ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អស្ចារ្យណាស់បាត់លុយពីធនាគារកណ្តាលចំនួន១០៤លានដុល្លារប្រទេសលីបេរីយ៉ា

165


ប្រទេសអាហ្វ្រិក៖ រដ្ឋាភិបាលលីបេរីយ៉ា (Liberia) បានប្រកាសថា៖ ខ្លួនកំពុងបើកការស៊ើបអង្កេត ទៅលើការបាត់ស្រមោលនៃលុយចំនួន ១០៤លានដុល្លារអាមេរិក ពីក្នុងធនាគារកណ្តាលនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរការផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
អាជ្ញាធរថា៖ចំនួនលុយខាងលើដែលស្មើនឹងជាង ១៦ពាន់លានដុល្លារលីបេរីយ៉ា ត្រូវបានធនាគារកណ្តាលនៃប្រទេសអាហ្រ្វិកខាងលិចមួយនេះ បង្គាប់ឲ្យបោះពុម្ពមកពីក្រៅប្រទេស ប៉ុន្តែលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពុំទាន់ត្រូវគេតាមដានរកឃើញថា ទៅដល់ទីណានៅឡើយទេ។ លីបេរីយ៉ាពុំមានកន្លែងបោះពុម្ពលុយខ្លួនឯង នៅក្នុងប្រទេសនោះឡើយ ដូច្នេះទើបត្រូវពឹងផ្អែកលើសេវានៅក្រៅប្រទេស។បើតាមកំណត់ហេតុ ថវិកាខាងលើបានបាត់ស្រមោលតាំងតែពីឆ្នាំមុនម្ល៉េះ ពោលគឺនៅចុងអាណត្តិនៃអតីតរដ្ឋបាលដឹកនាំរបស់ លោក អ៊ែលឡេន ចនសុន ស៊ឺលីហ្វ (Ellen Jonhson-Sirleaf) ខណៈប្រធានាធិបតីលីបេរីយ៉ាបច្ចុប្បន្ន ទើបតែបានដឹងពីរឿងនេះកាលពីខែមុន ហើយក៏រៀបចំក្រុមស៊ើបអង្កេតឡើងតែម្តង។

គួរជម្រាបថា ជាមួយគ្នានេះដែរមនុស្ស ១៥នាក់ រួមមានទាំងអតីតទេសាភិបាលធនាគារកណ្តាល និងកូនប្រុសរបស់អតីតប្រធានាធិបតីលីបេរីយ៉ា ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសឡើយ ដោយត្រូវរង់ចាំការស៊ើបអង្កេតចប់រួចរាល់សិន៕

អត្ថបទដែលជាប់ទាក់ទង