ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ ឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្តចំនួន ៤.០០០លានរៀល

192

 

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ ពាក់ព័ន្ធការបំភ្លៃលើការពិតលើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និង សុំឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្តចំនួន ៤.០០០លានរៀល (ប្រហែល ១លានដុល្លារអាមេរិក)។

គួរបញ្ជាក់ថា លោក សុន ឆ័យ ក្នុងបទសម្ភាសន៍ក្នុងកម្មវិធី Idea Talk របស់ The Cambodia Daily បានចោទប្រកាន់ធ្ងន់ៗថា «លើកនេះ វាគ្រប់គ្រងដោយបក្សមួយទាំងស្រុង ពីលើដល់ក្រោម ចង់ធ្វើអ្វីក៏បានដែរ ហើយលទ្ធផលបោះឆ្នោត មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវាសល់ប៉ុណ្ណឹង »។

លោក សុន ឆ័យ បានចោទប្រកាន់ទៀតថា «យើងមិនចង់ប្រៀបធៀបរឿងចោរលួចគោទេ ដូចយើងនិយាយអីចឹង ចោរលួចគោ បើវាលួចគោ៣ហើយ យើងម៉េចក៏មិនឱ្យវាលួចទាំង៥ទៅ អានេះយើងនិយាយភាសាសាមញ្ញទៅចុះ នេះជាឆន្ទៈពលរដ្ឋ ឆន្ទៈមួយចំនួនត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួនទៀត ដែលយើងការពារបាន»។

នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្រគល់សិទ្ធិជូន មេធាវី គី តិច អត្តលេខ ១៥៦ មានការិយាល័យនាម ក្រុមហ៊ុនមេធាវីកម្ពុជា អាសយដ្ឋានអគារ លេខ ១៥៩-១៦១ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឱ្យបំពេញ កិច្ចជាមេធាវីតំណាងឱ្យ គណបក្សប្រជាជនកម្ពុជា ដើម្បី ៖

– រៀបចំពាក្យបណ្តឹង, ចុះហត្ថលេខាលើបណ្តឹង, ដាក់ពាក្យបណ្ដឹងចូលស្ថាប័នមានសមត្ថកិច្ច ។ – ការពារបណ្តឹងនៅគ្រប់ដំណាក់កាលនៃនីតិវិធី ។

មានសិទ្ធិពេញលេញធ្វើជំនួស គណបក្សប្រជាជនកម្ពុជា នូវរាល់បណ្តឹងគ្រប់ប្រភេទ និងកិច្ចការនានា នៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ គ្រប់ជាន់ថ្នាក់ ព្រមទាំងធ្វើនូវរាល់សកម្មភាពតំណាង ដែលស្របទៅនឹងស្មារតីច្បាប់ និងបទប្បញ្ញត្តិនានា នៃព្រះរាជាណាចក្រកម្ពុជា ។

បញ្ជាក់ៈ-ក្នុងការបំពេញកិច្ចការខាងលើ មេធាវីតំណាង មានសិទ្ធិតែងតាំងបន្ថែមមេធាវីជាអនុតំណាង ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ជូន គណបក្សប្រជាជនកម្ពុជា ។ -មេធាវីតំណាង មានសិទ្ធិអនុវត្តនូវកិច្ចការជាតំណាងតាមច្បាប់ ដែល គណបក្សប្រជាជន កម្ពុជា ប្រគល់ជូនដូចខាងលើ ចាប់ពីថ្ងៃចុះហត្ថលេខាប្រគល់សិទ្ធិនេះតទៅ ។

យោងតាមពាក្យបណ្តឹង , ខ្ញុំមេធាវី គី តិច អត្តលេខ ១៥៦ មានការិយាល័យនាម ក្រុមហ៊ុនមេធាវីកម្ពុជាអាសយដ្ឋាន អគារលេខ ១៥៩-១៦១ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាមេធាវី តំណាង គណបក្សបជាជនកម្ពុជា ។

សូមគោរពជូន ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ , កម្មវត្ថុ៖ ប្តឹងឈ្មោះ សុន ឆ័យ ភេទប្រុស កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៦ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤០ ផ្លូវលេខ ៥៦៨ ភូមិ ២ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោង ៖ – ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ – ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

– លិខិតប្រគល់សិទ្ធិតំណាងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។ – វីដេអូកិច្ចសម្ភាសន៍របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុងកម្មវិធី អាយឌៀថក (Idea Talk) ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «តើលទ្ធផល បណ្ដោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានភាព ប្រក្រតី ឬមិនប្រក្រតីបែបណា?» ។

តបតាមកម្មវត្ថុខាងលើ មេធាវី គី តិច សូមជម្រាបជូន ឯកឧត្ដមព្រះរាជអាជ្ញា ជ្រាបថា : កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ សុន ឆ័យ បានចូលរួមផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាមួយអ្នកសម្របសម្រួលឈ្មោះ តាំង សារ៉ាដា ក្នុងកម្មវិធី អាយឌៀថក (Idea Talk) ក្រោមប្រធានបទ «រតីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានភាពប្រក្រតី ឬមិនប្រក្រតីបែបណា?»។ កម្មវិធីអាយឌៀថ (Idea Talk) មានរយៈពេលសរុបប្រមាណ ២ម៉ោង ១០នាទី ៥៦វិនាទី ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (https://www.cambodiadaily.com), បណ្ដាញសង្គម Facebook, និង YouTube ។

ក្នុងបទសម្ភាសន៍នោះ ឈ្មោះ សុន ឆ័យ បានលើកឡើងដូចខាងក្រោម ៖ ១/ នៅត្រង់ចំណុចថិរវេលា ១:០៤:១៧ នៃវីដេអូសម្ភាសន៍នោះ ឈ្មោះ សុន ឆ័យ បាននិយាយថា

“[…] លើកនេះវាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុង ពីលើដល់ក្រោម គេចង់ធ្វើអីក៏បានដែរ […]“ ។ ២/ នៅត្រង់ចំណុចថិរវេលា ១:០៥:៤២ នៃវីដេអូសម្ភាសន៍នោះ ឈ្មោះ សុន ឆ័យ បាននិយាយថា […] លទ្ធផលហ្នឹង វាមិនឆ្លុះពីឆន្ទៈរបស់ពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវា សល់ប៉ុណ្ណឹង […]”។

៣/ នៅត្រង់ចំណុចថិរវេលា ១០៨៤០ […] យើងមិនចង់ប្រៀបធៀបថា ចោរលួចគោទេ ដូចយើង និយាយអីចឹង ចោរលួចគោ បើវាលួចគោ៣ហើយ យើងម៉េចក៏មិនឱ្យវាលួចទាំង៥ទៅ អានេះយើងនិយាយ ភាសាសាមញ្ញទៅចុះ នេះជាឆន្ទៈពលរដ្ឋ ឆន្ទៈមួយចំនួនត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួនដែលយើង ការពារបាន យើងយកឆន្ទៈហ្នឹងម៉ោ អាហ្នឹងជារបស់យើង យើងតស៊ូ តវ៉ា ពីរឿងអ្វីដែលបាត់ អាហ្នឹងវាជារឿង ធម្មតា វាមិនដែលអ្នកណាទៅឱ្យគេប្រមូលយកទាំងអស់នោះទេ អាហ្នឹងវាមិនអាចទេ […]” ។

ការលើកឡើងខាងលើរបស់ឈ្មោះ សុន ឆ័យ គឺជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ជាការផ្ដល់ ព័ត៌មានក្លែងក្លាយ, ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ។ សេចក្តីដូចបានបញ្ជាក់ជូនខាងលើ ក្នុងនាមជាមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា សុំប្តឹង និងសំណូមពរដូចខាងក្រោម ៖

– ស្នើសុំឱ្យធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់។ – ទាមទារឱ្យឈ្មោះ សុន ឆ័យ សងសំណងជំងឺចិត្តនៃការខូចខាតជូន គណបក្សប្រជាជនកម្ពុជាចំនួន ៤.០០០.០០០,០០០ (បួនពាន់លាន) រៀល ៕

អត្ថបទដែលជាប់ទាក់ទង