ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង

90

ភ្នំពេញ៖នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Bertrand LORTHOLARY ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណង
មិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិល្អលើគ្រប់វិស័យ និងបានថ្លែងអំណរគុណចំពោះប្រទេសបារាំង និងប្រជាជនបារាំង ដែលកន្លងមកតែងបានគាំទ្រជួយជ្រោមជ្រែងកម្ពុជា ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក្នុងដំណើរការកសាងអភិវឌ្ឍប្រទេស ហើយនៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កន្លងមកនេះ ប្រទេសបារាំងក៏បានជួយដល់កម្ពុជាក្នុងប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការឧបត្ថម្ភជាថវិកាដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវដ៏សំខាន់មួយនៅ
ក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ នៅក្នុងវិស័យការពារជាតិវិញ កងទ័ពបារាំងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពយោធិនកម្ពុជានៅសាលានាយទាហានសកម្មត្មាតពង និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។

ជាការឆ្លើយតប លោក Bertrand LORTHOLARY បានថ្លែងអំពីមនោសញ្ចេតនា និងចំណងផ្សារភ្ជាប់ដ៏ជិតស្និទ្ធរបស់លោកជាមួយនឹងប្រទេសកម្ពុជា ខណៈដែលលោកធ្លាប់ជាកម្លាំងថែរក្សាសន្តិភាពរបស់ប្រទេសបារាំង ដែលបំពេញបេសកកម្មនៅកម្ពុជាកាលពី ៣០ ឆ្នាំមុន ក្នុងសម័យកាល UNTAC និងបានរំលេចថា ការណ៍នេះក៏អាចជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបារាំង និងកម្ពុជា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ។ ហើយមកទល់សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ក៏នៅបន្តអនុវត្តរួមគ្នាជាប់ជាប្រចាំ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនិងការ
ឧបត្ថម្ភគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជាលើការងារថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហ
ប្រជាជាតិ។

ក្រៅពីនេះ ការពិភាក្សាក៏បានផ្តោតផងដែរលើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគីនិងពហុភាគី ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលកើតមាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

អត្ថបទដែលជាប់ទាក់ទង