ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

GDP សម្រាប់ប្រជាជជម្នាក់ៗកើនជាង៧ដង ដោយសាររាជរដ្ឋាភិបាល មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

175


ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី កាវ៉ាវ៉ាគី (Ms. Kawawaki) អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB (Deputy Director General, Southeast Asia Department, ADB) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា, នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១០:៣០ នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

គោលបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកស្រីកាវ៉ាវ៉ាគី ត្រូវជួបសវនាការការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាបន័ផ្សេងៗរបស់រាជរដ្ឋាភិបាល ដើម្បីឧទេ្ទសនាមលោកស្រី Sunniya Durrani-Jamal ជានាយកស្ថានតំណាងថ្មីរបស់ ADB ប្រចាំនៅកម្ពុជា ដែលបន្តបេសកម្មការងារពី លោក Samiuela Tukuafu ដែលបានចប់បេសកកម្មនៅកម្ពុជា កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ កន្លងមក និងពិភាក្សាការងារជាមួយបុគ្គលិក របស់ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជីញមកបំពេញទស្សនកិច្ច នៅកម្ពុជារបស់គណៈប្រតិភូ ហើយបានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

លោកស្រី កាវ៉ាវ៉ាគី ក៏បានវាយតម្លៃខ្ពស់ ចំពោះស្ថិរភាពនយោបាយ របស់កម្ពុជា ជាពិសេសកោតសរសើរខ្ពស់ ដល់ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុក សម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងជាង៧ដង គឺពីប្រមាណជាង២០០ដុល្លារអាមេរិក នៅឆ្នាំ១៩៩២ ដល់ជិតប្រមាណ១.៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨ ។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី កាវ៉ាវ៉ាគី បន្ថែមទៀតថា ដើម្បីអាចបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលមិនត្រឹមតែសម្រាប់ដោះស្រាយ នូវបញ្ហាប្រឈមខាងលើនោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនសម្រាប់ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មី នៃសេដ្ឋកិច្ចសកលលោកផងដែរ ។

ឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦, ADB នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារយុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ ដែលត្រូវដើរតាម យុទ្ធសាស្រ្តឆ្នាំ ២០៣០ (ADB Strategy 2030) របស់ ADB ហើយត្រូវមានសង្គតិភាពជាមួយនឹង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះ ADB ដែលនៅតែ បន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងភាពជាដៃគូល្អ និងស្មើភាពគ្នា និងបានជូនពរដល់លោកស្រី កាវ៉ាវ៉ាគី បេសកកម្មការងាររបស់ខ្លួននៅប្រទេសកម្ពុជា ឱ្យបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង