ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទកម្មវិធីសិក្ខាសាលាតម្រង់ទិសស្ដីពីការចូលរួមរបស់សហគមន៍ ដើម្បីពង្រឹងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ

179

 

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន​ ស្តីពីការបិទកម្មវិធីសិក្ខាសាលាតម្រង់ទិស​ ស្តីពីការចូលរួមរបស់សហគមន៍ដើម្បីពង្រឹងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ អភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម «ក.ជ.ថស.ប» បានអញ្ជើញ ចុះបេសកកម្មដើម្បីពិគ្រោះយោបល់ស្ដីពីតម្រូវការ ការថែទាំសុខភាពបឋមរបស់សហគមន៍ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មន្ត្រីជំនាញក្រសួង សុខាភិបាល និងមន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក។ ដំណើរបេសកកម្មនេះមានគោលបំណង (១) ជំរុញបង្កើនការថែទាំសុខភាពបឋម ជាពិសេសការចូលរួមរបស់សហគមន៍ក្នុងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើម (២) ពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញ ដូសទី៥ នៅតាមទីតាំងនានា រួមមានសេវាសុខាភិបាល សាលារៀន រោងចក្រ ទីផ្សារ ទីប្រជុំជនផ្សេងៗ។

រដ្ឋលេខាធិការ បានឆ្លៀតឱកាសអញ្ជើញចូលរួមបិទកម្មវិធីសិក្ខាសាលាតម្រង់ទិសស្ដីពីការចូលរួមក្នុងដំណើរបេសកកម្មក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ របស់សហគមន៍ក្នុងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពសហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងការតាមដាន ឆ្លើយតបទាន់ពេលវេលាចំពោះ ជំងឺទាំងនោះ ព្រមទាំងពាក្យចចាមអារ៉ាម ព័ត៌មានមិនពិតនានានៅក្នុងមូលដ្ឋាន។ សិក្ខាសាលានេះ ប្រព្រឹត្ត ទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តំណាងប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប ខេត្ត បន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ប្រធានផ្នែក លើកកម្ពស់សុខភាពខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានលើកកំពស់សុខភាពការិយាល័យស្រុក ប្រតិបត្តិ និងក្រុមការងារឆ្លើយតបបន្ទាន់ (RRT) សរុបអ្នកចូលរួមចំនួន ៤៩នាក់ ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាគ្រប់គ្រងបាននូវការរាតត្បាតជំងឺកូវីដ-១៩ ដោយក្នុងរយៈពេលមួយខែកន្លងមក តាមរបាយការណ៍ របស់ក្រសួងសុខាភិបាលបានបង្ហាញថា មិនមានករណីឈឺ និងមិនមានករណីស្លាប់នោះឡើយ។ ផ្អែកលើ បទពិសោធន៍នៃការគ្រប់គ្រង និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ បានឱ្យឃើញថាការចូលរួមរបស់បណ្ដាញ សហគមន៍ នៅក្នុងការអនុវត្តន៍វិធានការការពារការចម្លងជំងឺនានា គឺជាចំនុចសំខាន់ក្នុងការចូលរួម ចំណែកសម្រេចបានជោគជ័យនូវកិច្ចការឆ្លើយតបទៅនឹងជំងឺកូវរីដ-១៩ នេះ ។ មកដល់ពេលនេះ ទោះបី គ្រប់គ្រងជំងឺកូវីដ-១៩ បានក្តី តែក៏មិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ-១៩ បាន ១០០% នោះទេ គឺអាស្រ័យ ទៅលើការយល់ឃើញ និងឥរិយាបថរបស់ប្រជាជនក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជាការទៅ ទទួលការចាក់វ៉ាក់សាំង ការតាមដានឃ្លាំមើលស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតក្នុង សហគមន៍រៀងៗខ្លួន និងការរាយការណ៏ដើម្បីឱ្យមានការឆ្លើយតបទាន់ពេលវេលា ការតាមដានស្ថាន ភាពជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗមិនអាចធ្វើដោយមន្ត្រីសុខាភិបាលតែមួយទេ ការតាមដានតាម ប្រភពចម្រុះ មានក្រុមទ្រទ្រង់សុខភាពភូមិ វត្តអារ៉ាម សាលារៀន និងប្រជាជនក្នុងភូមិនឹងជួយឱ្យឆាប់ដឹង អំពីបញ្ហាសុខភាពនៅក្នុងភូមិបានលឿន និងរាយការណ៍បានរហ័សព្រមទាំងឆ្លើយតបបានទាន់ពេលវេលា។

យ៉ាងណាមិញ ការផ្លាស់ប្តូរឥរិយាបថមិនមែនធ្វើឡើងតាមរយៈតែការបណ្តុះបណ្ដាលទេ តែសកម្មភាព សំខាន់ និងចាំបាច់ គឺសកម្មភាពនៅនឹងសហគមន៍ ដែលតម្រូវឱ្យសហគមន៍យល់ពីសារៈប្រយោជន៍នៃការ រក្សាសុខភាព តាមដានសុខភាពក្នុងគ្រួសារ និងក្នុងភូមិ ព្រមទាំងស្វែងរកព័ត៌មានត្រឹមត្រូវ។ សកម្មភាពក្នុង សហគមន៍ដែលដឹកនាំដោយសហគមន៍ពិតជាមានសារៈសំខាន់ ដូចជាវេទិការ សហគមន៍អប់រំផ្សព្វផ្សាយ ការចុះតាមដានគាំទ្រដល់ក្រុមទ្រទ្រង់សុខភាពភូមិ តាមរយៈគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្រ្តីនិងកុមារ (គ.ក.ន.ក) ដើម្បីស្វែងរកអ្វីដែលជាបញ្ហានិងតម្រូវ ការរបស់សហគមន៍ ហើយកត្តាអ្វីខ្លះដែលប្រជាជនក្នុងគ្រួសារន ីមួយៗក្នុងភូមិទាំងមូលអាចធ្វើបាន ដើម្បីសុខភាព ជាពិសេសអាចជួយដល់ក្រុមងាយរងគ្រោះនៅក្នុងគ្រួសារ និងក្នុងភូមិបាន។

លោកជំទាវ រដ្ឋលេខាធិកា ក៏បានបញ្ជាក់បន្ថែមទៀតថា «សិក្ខាសាលាតម្រង់ទិសនេះមិនត្រឹមតែសម្រាប់ការឆ្លើយ តបនឹងជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗប៉ុណ្ណោះទេ ព្រមទាំងពង្រឹងប្រព័ន្ធដើម្បីជំរុញ បង្កើនការថែទាំសុខភាពបឋមសម្រាប់ការត្រៀមឆ្លើយតបនឹងជំងឺរាតត្បាតផ្សេងៗទៀតនាពេលអនាគត ក្នុងការឆ្ពោះទៅរកភូមិឃុំ មានសុខភាពល្អ និងមានអាយុកាលរស់នៅបានយូរអង្វែង»។

ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកសី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងសហការី ជាពិសេសអង្គការសុខភាពពិភពលោក ដែលបានសហការជាមួយក្រសួងសុខាភិបាល គាំទ្រទាំងបច្ចេកទេស និងថវិកាសម្រាប់ ដំណើរការសិក្ខាសាដ៏មានសារៈសំខាន់នេះ ដើម្បីជួយដល់ការងារថែទាំសុខភាពបឋមនាពេលបច្ចុប្បន្ន កាន់តែមានភាពងាយស្រួល ច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធសម្រាប់និរន្តភាពនៃការអនុវត្តន៍ជំរុញ បង្កើនការថែទាំសុខភាពបឋមនាពេលអនាគត។

បន្ទាប់ពីបិទកម្មវិធីសិក្ខាសាលាតម្រង់ទិសស្ដីពីការចូលរួមរបស់សហគមន៍ក្នុងការតាមដានជំងឺកូរី ដ-១៩ ជំងឺផ្តាសសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ លោកជំទាវរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ បានបន្តដំណើរបេសកកម្មទៅកាន់ខេត្តព្រះវិហារតាមផែនការដែលបានគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង