សម្ដេចតេជោសំណេះសំណាល ជាមួយកីឡាជនពិការស្អែកនេះ មុនពេលចេញទៅអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ៖ថ្ងៃទី៦កក្កដាស្អែកនេះ សម្តេចអគ្គមហាសនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងអនុញ្ញាតឲ្យប្រតិភូកីឡាជនពិការកម្ពុជាដែលមាន១១ប្រភេទកីឡាចូលជួបសម្តែងការគួរសមនិងទទួលយកអនុសាសន៍នៅវិមានសន្តិភាពមុនពេលចេញទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ចុងខែនេះ។
យោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានឹងដឹកនាំប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ថា កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡាទៅចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿង គឺប្រាក់៥ និង៥សំរិទ្ធ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែល
ពេលនេះកំពុងតែស្ថិតនៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ី បានប្រាប់តាមសារអេឡិចត្រូនិក ថា ជំនួបនេះពិតជាសំខាន់ខ្លាំងណាស់ដែលប្រតិភូនឹងទទួលបានអនុសាសន៍ណែនាំនិងការលើកទឹកចិត្តដ៏សំខាន់មុនការចេញទៅប្រកួត។ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោតែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ដល់ប្រតិភូ អត្តពលិក គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធទាំងអស់៕