ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះអគ្គិភ័យ នៅក្នុងក្រុងបាត់ដំបង ឆេះខូចខាតលំនៅដ្ឋានចំនួន ១៨ខ្នង

142

បាត់ដំបង៖ សូមចូលរួមសោកស្តាយចំពោះគ្រោះអគ្គិភ័យដែលបានកើតឡើង នៅក្នុងក្រុងបាត់ដំបងក្នុងនោះសមត្ថកិច្ចនគរបាលប្រើប្រាស់ទឹកអស់ចំនួន ២៤ រថយន្តដើម្បីពន្លត់ ហើយខូចខាតលំនៅដ្ឋានចំនួន ១៨ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ១៤ ខ្នងនិងឆេះរោលចំនួន០៤ខ្នង។

កាលពីថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០ ២២ វេលាម៉ោង ១៧ និង១៥នាទី នៅចំណុចក្រុម ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានគ្រោះអគ្គិភ័យមួយបានកើតឡើងបណ្តាលឱ្យឆេះផ្ទះប្រជាពរដ្ឋចំនួន១៨ខ្នងក្នុងនោះឆេះអស់ទាំងស្រុងចំនួន១៤ខ្នង និងឆេះរោល ៤ខ្នង ។

តាមការដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុ ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក បានបញ្ជាឱ្យរថយន្តអគ្គិភ័យនៅក្នុងបរិវេណស្នងការដ្ឋាន បូករួមជាមួយរថយន្តអគ្គិភ័យនៅតាមបណ្តាស្រុកពាក់ព័ន្ធ សរុបចំនួន ០៧ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ២៤ រថយន្ត ដោយមានការសហការពីសមត្ថកិច្ចក្នុងស្ថាប័នពាក់ព័ន្ធអាជ្ញាធរពាក់ព័ន្ធរួមនឹងមហាជនយ៉ាងច្រើនកុះករផង នោះ រហូត ដល់ម៉ោង ២២និង ៤០ នាទី ទើបគ្រោះអគ្គិភ័យនេះ ត្រូវបានពន្លត់អស់ទាំងស្រុង ។

ក្នុងគ្រោះអគ្គិភ័យនេះ មិនមានអ្នករងគ្រោះថ្នាក់ ដោយរបួស ឬ បាត់បង់អាយុជីវិតនោះទេ រហូត មកដល់ព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២នេះ សមត្ថកិច្ចជំនាញអគ្គិភ័យ កំពុងសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានរួមជាមួយជន រងគ្រោះដោយអគ្គិភ័យផងដើម្បីសិក្សាស្វែងរកការវាយតម្លៃអំពីមូលហេតុដែលនាំឱ្យកើតគ្រោះអគ្គិភ័យនេះនិងវាយតម្លៃអំពីទំហ៊ំនៃការខូចខាត ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។

ជាមួយគ្រោះអគ្គិភ័យដ៏កាចសាហាវនេះ ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង សូមចូល រួមសោកស្តាយចំពោះការបាត់បង់នូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ និងសូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ អា ជីវករ ពាណិជ្ជករ ម្ចាស់គ្រិះស្ថាន ម្ចាស់ឃ្លាំងស្តុក​សម្ភារៈ​ និងគ្រប់អង្គភាពស្ថាប័ន នៅក្នុងខេត្តបាត់ដំបង​ សូមមេត្តាចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់​ បំផុតចំពោះបញ្ហាគ្រោះអគ្គិភ័យនេះព្រោះថា​បញ្ហាអាក្រក់បែបនេះនឹងអាចកើតមានឡើងតែមួយវិនាទីប៉ុណ្ណោះក្នុងករណីដែលមានការធ្វេសប្រហែស ជាពិសេសសូមយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ខ្សែបណ្តាញ ចរន្តអគ្គិសនី ភ្លើងជើងក្រាន ភ្លើងទៀន ធូប និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ចំពោះវិធានការបង្ការ ដោយប្រើប្រាស់បំពង់ពន្លត់ អគ្គិភ័យដែលធានាគុណភាព ឬមធ្យោបាយផ្សេងៗទៀត ដែលមាន​សារៈសំខាន់ ក្នុងការពន្លត់អគ្គិភ័យបឋម មុន​ពេលរថយន្តអគ្គិភ័យ ចេញទៅជួយអន្តរាគមន៍៕

អត្ថបទដែលជាប់ទាក់ទង