ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងតម្កល់ទៀនព្រះវស្សានៅវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋកម្ពុជា

131

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងដល់បារមីព្រះអង្គគ្រប់អង្គ អ្នកតាព្រះស្រុក (អ្នកតាព្រះចៅ) និងបារមីរបស់លោកយាយពេញ និងបាននាំយកនូវទៀនព្រះវស្សាមកតម្កល់ទុកនៅ (វត្តភ្នំ) រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

ពីធីបួងសួងធ្វើឡើងដើម្បីរម្លឹកនូវគុណូបការៈរបស់បុព្វបុរសដែលបានកសាង និងការពារព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចៀសនូវឧបទ្រពចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត ជៀសផុតនូវជំងឺតម្កាត់ទាំងឡាយ ដោយនាំមកវិញនូវភាពសម្បូរណ៍សប្បាយនិងភាពរីកចម្រើន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់សម្តេចសង្ឃទាំងពីរគណៈព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ នៃព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារ ជួបតែសេចក្ដីសុខជារៀងរហូត ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង