ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា រយៈពេល ០២ថ្ងៃ – ១៦-១៧ កក្កដា ២០២២

93

 

ភ្នំពេញ ៖ សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅ ថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេច ពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណ បក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។ អញ្ជើញចូលរួមក្នុងសន្និបាតនេះមានសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាលចំនួន ៧៤៣ រូប លើបរិមាណរួម ៨៦៥រូប និងមន្ត្រីគណបក្សជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមការងារគណបក្សចុះមូលដ្ឋានជាច្រើនរូបទៀត ធ្វើឱ្យចំនួនសមាជិកចូលរួមសរុប មាន ៣៤៧៤ រូប។

សន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់ចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយបានសម្រេចលទ្ធផលដូចខាងក្រោម ៖

១. អង្គសន្និបាតបានពិភាក្សា និងអនុម័ត របាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទិសដៅការងាររបស់គណបក្សឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

២. អង្គសន្និបាតធ្វើការកត់សម្គាល់ប្រកបដោយមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលបានប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការ គំរាមកំហែង។ ជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅ កម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេលាកំណត់ រក្សាបានភាពចម្រុះខាងនយោបាយ នៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន។

អង្គសន្និបាតសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្ស បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសំឡេងគាំទ្រស្មើនឹង ៧៤,៣២% នៃសំឡេងឆ្នោតបានការ សរុប ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំ ចៅសង្កាត់ ៩៩,៧៦%។
តាមរយៈជ័យជម្នះនេះបានឆ្លុះបញ្ចាំងនូវការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

អង្គសន្និបាតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គការចាត់តាំង មន្ត្រី និងសកម្មជនរបស់គណបក្ស ដែលបានប្រឹងប្រែងគ្រប់ លទ្ធភាព យកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ផ្សារភ្ជាប់ជាមួយមូលដ្ឋាន ជាមួយប្រជាជន ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបម្រើបុព្វហេតុរបស់គណបក្ស។

៣. អង្គសន្និបាតបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពីកត្តាធំៗនៃជ័យជម្នះរបស់គណបក្សដែលត្រូវយក ចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត ព្រមទាំងចំណុចខ្វះខាតនានាដែលត្រូវខិតខំដោះស្រាយ និងកែលម្អដើម្បី ពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស។ ក្នុងស្មារតីនេះ គណបក្សបន្តជំរុញការអនុវត្តរាល់ ទិសដៅជាអាទិភាពទាំងឡាយដោយឆន្ទៈមោះមុត ឱ្យទទួលបានលទ្ធផលល្អប្រសើរ គឺការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិ ឃុំ សង្កាត់, ការគ្រប់គ្រងការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ការពារខឿនសុខភាពប្រជាជន, ការស្តារ អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនក្រោយវិបត្តិជំងឺកូវីដ-១៩ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

អង្គសន្និបាតគាំទ្រពេញទំហឹងការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់ អតិផរណា និងរក្សាអំណាចទិញរបស់ប្រាក់រៀលសំដៅរក្សាលំនឹងនៃជីវភាពប្រជាជន ក្នុងបរិការណ៍ត្រូវទទួល រងសម្ពាធពីការវិវត្តប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍អន្តរជាតិ ជំរុញការអនុវត្តគោលនយោបាយគាំពារ សង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្តន៍មន្ត្រីរាជការ និងអតីតយុទ្ធជន, ការអនុវត្ត ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារនិងការដំឡើងប្រាក់ ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ព្រមជាមួយនេះ សន្និបាតគាំទ្រ និងចូលរួមសកម្មដើម្បីសម្រេចនូវ “គម្រោង សម្តេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

៤. អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។

៥. អង្គសន្និបាតគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិ ប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)-ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បី ជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

៦. អង្គសន្និបាតមានការសង្ឃឹមជឿជាក់ថា គ្រប់គណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិលើ និង មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គមនឹងបន្តធ្វើសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ តាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សំដៅចូលរួមចំណែកដ៏សកម្មដល់ការបង្កើតបរិយាកាសនយោបាយល្អប្រសើរ ទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខ។ ជាមួយគ្នានេះ យើងត្រូវទប់ស្កាត់រាល់ សកម្មភាពប្រទូសរ៉ាយទាំងឡាយទោះចេញពីប្រភពណាក្តី ដែលចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ញុះញង់បង្កការបែកបាក់ក្នុងសង្គមជាតិ និងរារាំងដំណើរការអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។

៧. អង្គសន្និបាតអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្រ្តី សមាជិក សមាជិកានៃគណបក្សទាំងមូល សូមបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គី ភាពឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពដោយឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាជនអស់ពីចិត្តពីថ្លើម តាម តួនាទី និងភារកិច្ចរបស់ខ្លួន ដែលឆ្លើយតបទាំងស្រុងទៅនឹងសំណូមពរ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។

សូមអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្ន ជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួម សាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បី ថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិជាទីស្នេហានៃយើងឱ្យកាន់ត រីកចម្រើនស្រស់បំព្រងឡើង។ ព្រមជាមួយនេះ សូមជនរួមជាតិបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានា ដែល រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសវិធានការ “៣ការពារ ៣កុំ” និងការទៅចាត់ វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីការពារមិនឲ្យជំងឺកូវីដ-១៩ អាចឆ្លងរាលដាលជាថ្មីទៀតបាន។

អង្គសន្និបាតប្រគល់ភារកិច្ចជូនគណៈអចិន្ត្រៃយ៍ ដើម្បីដឹកនាំអនុវត្តសេចក្តីសម្រេចនៃសន្និបាតគណៈកម្មា
ធិការកណ្ដាលវិសាមញ្ញនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង