ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្តុះបណ្តាល ផ្នែកផលិតព័ត៌មាន “ការសសេរព័ត៌មានបឋម” ដល់មន្ត្រីក្នុងខេត្តសៀមរាប

107

សៀមរាប៖ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន “ការសសេរព័ត៌មានបឋម” ដល់មន្ត្រីមន្ទីរព័ត៌មាន និងមន្ត្រីទទួលបន្ទុកព័ត៌មានតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្តសៀមរាប រយៈពេលពីរថ្ងៃក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីសាលាខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុកផងដែរ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត ស្តីពីសកម្មភាព លទ្ធផលនៃវិស័យព័ត៌មានក្នុងខេត្តរួចមក មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន “ការសសេរព័ត៌មានបឋម” ដល់មន្ត្រីមន្ទីរព័ត៌មាន និងមន្ត្រីទទួលបន្ទុកព័ត៌មានតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្តសៀមរាបរួចមក លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការផ្តួចផ្តើមបង្កើតវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ជាការដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យព័ត៌មានឲ្យកាន់តែមានភាពសម្បូរបែប ស្របតាមផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងបរិបទ “ព័ត៌មាននាយុគសម័យឌីជីថល” ។

លោកបានបញ្ជាក់ថា សារព័ត៌មាន គឺជាវិស័យដ៏មានសារសំខាន់មួយ ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលវិស័យនេះ បានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ ជាមួយវិស័យឯកជន និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច ជាមួយប្រជាជន អំពីគោលនយោបាយ ផែនការអភិវឌ្ឍនានា ជាពិសេស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ សុខាភិបាល បរិស្ថាន អប់រំ កីឡា និងការ ងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយ៉ាងត្រឹមត្រូវនូវផែនការ និងយុទ្ធសាស្ត្រនានា សំដៅការលើកកម្ពស់វិស័យព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យដើរទាន់សភាពការណ៍សកលភាវូបនីយកម្ម តាមរយៈការបង្កើតនូវបណ្តាញទំនាក់ទំនងសង្គម ដើម្បីឲ្យស្របទៅតាមបរិបទព័ត៌មានវិទ្យា ឬអាចនិយាយបានថា “វិស័យព័ត៌មានក្នុងយុគសម័យឌីជីថល” ហើយកម្ពុជាអាចធ្វើបាន ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលបានបើកទូលាយនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន បានធ្វើឲ្យវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន សម្តេច នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា ជម្រុញដល់ស្ថាប័នរដ្ឋ និងឯកជន ឲ្យយកចិត្តទុកដាក់បណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មានក្នុងការផលិតព័ត៌មាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ក្រោមស្មារតីទទួលខុសត្រូវក្នុងវិជ្ជាជីវៈ និងគោរពឲ្យបានខ្ជាប់ខ្ចួនតាមច្បាប់ស្តីពី “របបសារព័ត៌មាន” ។

លោក លី សំរិទ្ធ បានលើកឡើងថា ជាមួយនឹងការរីកចម្រើននៃវិស័យព័ត៌មានខាងលើ ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមនានា ក៏មានចំនួនកើនឡើងឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលការផ្សព្វផ្សាយ ប្រៀបដូចអាវុធមុខពីរ ដែលមានទាំងផលវិជ្ជមានផង និងផលអវិជ្ជមានផង ដែលកើតចេញពីអ្នកសារព័ត៌មានអាជីព និងព័ត៌មានប្រជាពលរដ្ឋ ដែលមានដូចជាផ្សាភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ ជាមួយវិស័យឯកជន តាមរយៈការផ្សព្វផ្សាយគោលនយោបាយ ផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍនានា សំដៅការផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ដើម្បីធ្វើការវិនិយោគទៅតាមគម្រោងផ្សេងៗដែលមានកាលានុវត្តភាព ។ តាមរយៈទំនាក់ទំនងសង្គម ការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីការអប់រំ និងកីឡា វប្បធម៌ អរីយធម៌ ប្រវត្តិសាស្ត្រ សុខភាព បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សន្តិសុខ សណ្តាបធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ចំណែកចំណុចអវិជ្ជមានដែលកើតពីការផ្សព្វផ្សាយព័ត៌មាន មិនពិត បំពុល បំភ្លើស ក្នុងគោលបំណងកេងចំណេញខាងនយោបាយ បក្សពួក ឬក្រុម និង ផលប្រយោជន៍សារព័ត៌មានដែល ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល អាជ្ញាធរ មានសមត្ថកិច្ច និងប៉ះពាល់ដល់សិទ្ធិបុគ្គល ។ ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ បង្កឲ្យមានភាពចលាចលដល់សង្គម ការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច ។ ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ និងសេដ្ឋកិច្ច នាំឲ្យមានការឆបោកឬបង់ខាតទ្រព្យសម្បត្តិ។

លោក លី សំរិទ្ធ ក៏បានជម្រុញឲ្យមន្ត្រីដែលទទួលបានការបណ្តុះបណ្តាលក្នុងវិស័យព័ត៌មាន សូមសរសេរព័ត៌មានឲ្យមានលក្ខណៈត្រឹមត្រូវពិតប្រាកដ តម្លាភាព និង គោរពវិជ្ជាជីវៈ និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន ស្របតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រីថា “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ហើយត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ” ៕

អត្ថបទដែលជាប់ទាក់ទង