ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាត់ខ្លួន​បុរស​ម្នាក់​​ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​

33

​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សក​កម្ម​ភាព​លួច​រថយន្ត​របស់​វត្ត​យក​ទៅ​លក់​ ហើយ​បាន​ជួបនឹង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ ល្បាត​នៅ​ពេល​យប់​មានការ​សង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ ។​ ការ​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​ ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២២​ ចំណុច​អង់​តែ​ន​ក្រុមហ៊ុន​មិត្ត​ហ្វូង​ផ្លូវ​ទៅ​ដើម​ក្រឡាញ់​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ ឡុ​ង​ សំណាង​ មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ផាត​ វ៉ា​នី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ បច្ចុប្បន្ន​ ស្នាក់​នៅ​ភូមិ​រំ​សៃ​ ឃុំ​ថាប់​ស្តេត​ ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ។​

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែកក្កដា​ កម្លាំង​ប៉ុស្តិ៍​អូរ​កំបុត​ចំនួន​០៣​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ ប៉ុក​ រតនា​ នាយ​រង​ប៉ុស្តិ៍​បាន​ធ្វើការ​ល្បាត​តាម​ផ្លូវ​ព្រំដែន​ ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ​ បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ ម៉ាក​ Luxus​ RX300​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AK-3150​  ឈប់​ចត​ចោល​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​៥៨​ ត្រង់​ចំណុច​អង់​តែ​ន​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ផ្លូវ​ទៅ​ដើម​ក្រឡាញ់​ ដោយ​មាន​រយៈពេល​យូរ​ក៏​ទៅ​សួរនាំ​ម្ចាស់​រថយន្ត​ ក្រែង​មាន​អ្វី​អាច​ឲ្យ​ជួយ​ ។​ ​ម្ចាស់​រថយន្ត​បាន​ឆ្លើយ​ថា​ ចង់​លក់​ឡាន​តម្លៃ​៣០០,០០០​បាត​(​បី​សែន​បាត​)​ ។​ ឮ​ដូច្នេះ​កម្លាំង​មានការ​ស​ង្ស័​ក៏​បាន​នាំ​ខ្លួន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​ការ​រ​ពារ​ព្រំដែន​គោក​លេខ​៨០៧​ ដើម្បី​សាកសួរ​ព័ត៌មាន​ជុំវិញ​ករណី​ចង់​លក់​ឡាន​ទាំង​យប់​នេះ​ ។​

​លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​បាន​លួច​យក​រថយន្ត​របស់​ព្រះសង្ឃ​នៅ​វត្ត​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​  យក​មក​លក់​ ។​

​ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ និង​មាន​បទ​ប​ហ​ញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ កម្លាំង​នគរបាល​វរ​សេនា​តូច​បាន​ឃាត់ខ្លួន​មនុស្ស​និង​រថយន្ត​ រួច​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ នៅ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២២​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

អត្ថបទដែលជាប់ទាក់ទង