ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោង ASEAN-SME ទទួលបាន ជោគជ័យ ដើម្បីលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យមក្នុងការធ្វើអន្តរជាតូបនីយកម្ម

50

 

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង មានរៀបចំកិច្ចពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយប្រតិភូអង្គការទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ( GIZ) ដឹកនាំដោយលោក Frank jattke ប្រធានក្រុមការងារអាស៊ាន នៃអង្គការ GIZ អាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា ។

កិច្ចប្រជុំ បានផ្តោតជាសំខាន់ទៅលើការអនុវត្តគម្រោងស្តីអំពី “ការពង្រឹង រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ សហគ្រាសធុនតូចនិងមធ្យម នៅអាស៊ាន (ASEAN-SME) “ក្នុងគោលដៅជំរុញការជ្រៀតចូលទីផ្សារ និង ការធ្វើអន្តរជាតូបនីយកម្ម របស់SME ក៏ ដូចជាការលើកកម្ពស់គោល នយោបាយ និងបទប្បញ្ញត្តិក្រោមការ ជួយឧបត្តម្ភពីរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈក្រសួង សហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) ។

លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋាន សហគ្រាស ធនតូចនិងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ន៍ បានមានប្រសាសន៍ស្វាគមន៍ និងលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ASEAN-SME ក្នុងដំណាក់កាលទី១ដែលចាប់ផ្តើមពីឆ្នាំ ២០១៩ នឹងបញ្ជប់នៅខែសីហា ឆ្នាំ ២០២២ ខាងមុខ និងសុំអនុសាសន៍ណែនាំ ពី ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ក្នុងការអនុវត្តគម្រោងក្នុងដំណាក់កាលទី២ ដែលនឹងចាប់ផ្តើមអនុវត្តពីខែកញ្ញា ឆ្នាំ ២០២២ នេះតទៅ ។ ដោយឡែកតាម របាយការណ៌ក៏បានលើកឡើងពីការអនុវត្តគម្រោងកម្មវិធី ASEAN-SME ដែលលេចចេញនូវគេហទំព័រស្តីពីព័ត៌មានអាជីវកម្ម នីមួយៗ ដែលបានអនុវត្តនៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងប្រទេសកម្ពុជា សម្រាប់ជាផលប្រយោជន៍ដល់ SME ដូចជា៖- គេហទំព័រ ASEAN Access: គឺជាគេហទំព័រព័ត៌មានអាជីវកម្មកម្រិតអាស៊ានដែល មានចំណុចប្រសព្វ (focal point )គ្រប់ប្រទេសជាសមាជិក- គេហទំព័រ ASEAN Access MATCH : គឺជាគេហទំព័រចំណុះអោយ ASEAN Access ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្គូរផ្គងអាជីវកម្មគ្រប់ផ្នែកក្នុងតំបន់ និងសកល- គេហទំព័រ KhmerSME: គឺជាគេហទំព័រអាជីវកម្មព័ត៌មានជាតិ កម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ព័ត៌មានអាជីវកម្ម គ្រប់ជ្រុងជ្រោយដល់សាធារណជន និងSME ទាំងក្នុងស្រុក និងក្រៅស្រុក។

លោកFrank jattke ប្រធានក្រុម ការងារអាស៊ាន នៃអង្គការ GIZ អាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះ កិច្ចសហការល្អ និងសមិទ្ធផល សម្រេចបាន ។

លោកបានបញ្ជាក់ ថា ៖ក្រោមកិច្ចសហការនិងប្តេជ្ញាចិត្តរួម រវាងក្រសួង និងអង្គការទីភ្នាក់ងារ GIZ អាល្លឺម៉ង់ គម្រោង ASEAN-SME ទទួលបាន ជោគជ័យ តាមគោលដៅ រួមមាន៖ទី១-លើកកម្ពស់ មជ្ឈមណ្ឌលព័ត៌មានសម្រាប់តំបន់អាស៊ាន ២-ពង្រីកមជ្ឈមណ្ឌលព័ត៌មានជាតិសម្រាប់ SME និងទី៣-លើកកម្ពស់ សហគ្រាសធុនតូច និងមធ្យមក្នុងការធ្វើអន្តរជាតូបនីយកម្ម។

បន្ទាប់ពីបទអន្តរាគមន៍ និងការចូលរួមមតិពីតំណាងមកពីសមាគមសហគ្រិនស្ត្រីកម្ពុជា និងសមគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជាជនបង្គោលជាតិរបស់កម្មវិធី ASEAN Access រួចមក មានប្រសាសន៍ នា ឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ចំពោះកិច្ចសហការអនុវត្តគម្រោងកម្មវិធី ASEAN-SME ដំណាក់កាលទី១ ប្រកបដោយលទ្ធផលផ្លែផ្កា និងបន្តសហការជួយឧបត្ថម្ភ គាំទ្រ សម្រាប់ដំណាក់កាលទី២បន្តទៀត ក្នុងគោលបំណង លើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រិនភាព សហគ្រាស ឧស្សាហកម្ម អាជីវកម្ម ភាពច្នៃប្រឌិត និងនវានុវត្តន៍ ក៏ដូចជា ការយល់ដឹងពីពីច្រវ៉ាក់តម្លៃសាកល (Global Value Chain)មូលដ្ឋានគ្រឹះអាជីវកម្ម និងព័ត៌មានទីផ្សារជាដើម ឲ្យស្របតាមទិសដៅនៃការ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងប្រទេស និងក្នុងតំបន់។

ជាសំណូមពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមឲ្យក្រុមការងារបន្តអនុវត្តគម្រោងតាមផែនការសកម្មភាព ដែលបានកំណត់អោយមាន ប្រសិទ្ធភាពខ្ពស់ និងបន្ថែមខេត្តគោលដៅផ្សព្វផ្សាយអំពីគម្រោងលើការអនុវត្តគម្រោងដំណាក់កាលទី២ ឲ្យកាន់តែទូលំទូលាយ ២. បន្តសហការជាមួយអន្តរ ក្រសួង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្នុងការទទួលបាននូវព័ត៌មានថ្មីៗ ដើម្បីដាក់បញ្ចូលក្នុងគេហទំព័រ KhmerSME និង ASEAN Access ជាប្រយោជន៍ ដល់សាធារណជន និងSME ក៍ដូចជាការផ្សព្វផ្សាយអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគផ្សេងៗ ដល់អ្នកវិនិយោគទុនក្រៅប្រទេស ។ ជាពិសេសបង្កើតឲ្យមាន Link តភ្ជាប់គេហទំព័រខាងលើទៅស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៣.ស្នើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ បន្តគាំទ្រដល់ការអភិវឌ្ឍន៍SME នៅកម្ពុជា រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្ស និងហេដ្ឋារចនាសម្ពន្ធ័រូបវន្តផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង