ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងសិក្សាស្រាវជ្រាវ ជាង២៥០ប្រធានបទ ត្រូវបានតាំងបង្ហាញ ក្នុងកម្មវិធីជួបជុំឪពុកម្តាយ អាណាព្យាបាលសិស្ស នៅវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី

49

 

រាជធានីភ្នំពេញ៖ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ស្នាដៃសិស្ស និងជួបជុំឪពុកម្តាយ អាណាព្យាបាល ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដោយបានលើកទឹកចិត្តសិស្សានុសិស្សក្នុងការបង្កើតគម្រោងសិក្សាស្រាវជ្រាវ និងដាក់បង្ហាញជាសាធារណៈនូវ ប្រធានបទជាង២៥០ប្រភេទ នៅថ្ងៃទី២២ កក្កដា ២០២២ វិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញជូនសហគមន៍ ឪពុកម្តាយ អាណាព្យាបាលសិស្សនូវ៖
– កម្មវិធីសាលារៀនជំនាន់ថ្មី
– សមិទ្ធផលស្នាដៃ និងការសិក្សារបស់សិស្ស
– ការទំនាក់ទំនងរវាងសាលារៀន និងសហគមន៍
– បរិស្ថានសិក្សាសាលារៀន
– ការផ្តល់ឱកាសឱ្យសិស្សបញ្ចេញសមត្ថភាព

ស្នាដៃសិស្សានុសិស្សមានជាអាទិ៍ ស្នាដៃនិពន្ធ ការពិសោធន៍វិទ្យាសាស្រ្ត បសុវប្បកម្ម និងដំណាំ ការសង្កេតបាតុភូតធម្មជាតិ គំរូស្ថាបត្យកម្ម ការសម្តែងសិល្បៈជាដើម ដែលមានគ្រូទទួលបន្ទុកមុខវិជ្ជាជាអ្នកតម្រង់ទិស ត្រូវបានបង្ហាញជូនមាតាបិតា សហគមន៍ និងសាធារណជន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបានមានប្រសាសន៍ថា កម្មវិធីសាលារៀនជំនាន់ថ្មី ជាកំណែទម្រង់របស់ក្រសួងអបរំ យុវជន និងកីឡា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.0។ ក្រសួងអប់រំ យុវជន និងកីឡា សូមអបអរសាទរ និងកោតសរសើរដល់គំនិតផ្តួចផ្តើមនៃការសិក្សាដោយការបង្កើតគម្រោងស្រាវជ្រាវរបស់សិស្សានុសិស្សទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង