ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិភាក្សា សំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី

144

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនអាជីវករផ្សារអូរឫស្សីទាំងអស់ មេត្តាជ្រាបថា នាវេលាម៉ោង១៤:៣០នាទី នៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រជុំពិភាក្សាស្តីពីសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី ក្រោមអធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរង និង ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន ០៥រូប។

ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានស្វាគមន៍ និងអនុញ្ញាតឱ្យតំណាងអាជីវករលើកឡើងនូវសំណូមពរ ផ្ទាល់មាត់បន្ថែមលើសំណើដែលបានដាក់ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកពិភាក្សាគ្នា។ ចំពោះសំណើសុំទាំងមុនទាំងក្រោយមានចំនួន ០៤ ចំណុចដូចខាងក្រោម៖

– កំណត់អាណត្តិ ២០ឆ្នាំបន្តទៀត

– ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន

– ស្នើសុំបង់ត្រឹម ៥០% នៃតម្លៃអាណត្តិចាស់

– សូមឱ្យមានការជួសជុលផ្សារនាឆ្នាំ២០២៣ខាងមុខ (ជួសជុលតាមប្លុក) បន្ទាប់ពី បង់អាណត្តិថ្មីរួច។

តំណាងអាជីវករផ្សារអូរឫស្សីបានលើកបន្ថែមឡើងថា ដោយសារស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ ជាសកល បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការប្រកបរបរអាជីវកម្មផ្សេងៗ បណ្តាលឱ្យការលក់ដូរក្នុងផ្សារអូរឫស្សីមានការធ្លាក់ចុះ ទើបបងប្អូនអាជីវករមានសំណូមពរដូចខាងលើ ពិសេសការស្នើសុំបង់ត្រឹម៥០%នៃតម្លៃអាណត្តិចាស់។

រដ្ឋបាលរាជធានីភ្នំពេញបានជម្រាបជូនតំណាងអាជីវករទាំងអស់ ចំពោះតម្លៃនៃការបង់ រយៈពេល ២០ឆ្នាំ គឺជាតម្លៃកាលពី២០ឆ្នាំមុន ដែលបងប្អូនធ្លាប់បានបង់រួចហើយ។ ចំពោះតម្លៃប្រសិនបើយើងចែកជាប្រចាំឆ្នាំ ខែ និងថ្ងៃឃើញថា ចំពោះប្រភេទតូប/ស្តង់តម្លៃខ្ពស់បំផុត មានតម្លៃ ៣.៣០០ ដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ១៦៥ ដុល្លារ/ឆ្នាំ, បើចែកជាខែ ត្រូវបង់ ១៣,៧៥ ដុល្លារ/ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០៤៥ ដុល្លារ/ថ្ងៃ ឬស្មើ ១៨០០ រៀល/ថ្ងៃ និងតម្លៃទាបបំផុតគឺចំនួន ១.៩៨០ ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់គឺចំនួន ៩៩ ដុល្លារ/ឆ្នាំ, បើចែកជាខែ ត្រូវបង់ ៨,២៥ ដុល្លារ/ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,២៧ ដុល្លារ/ថ្ងៃ ឬស្មើ ១.០៨០ រៀល/ថ្ងៃ ដែលនេះបង្ហាញថាជាតម្លៃទាបបំផុត ។ បងប្អូនអាជីវករអាចបន្ត ការលក់ដូររហូតតកូនតចៅក្នុងអំឡុងពេលអាណត្តិនៃកិច្ចសន្យា ហើយបងប្អូនអាជីវករអាចផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ទៅកូនចៅ ឬអ្នកដទៃបាន។

បន្ទាប់ពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវសារៈប្រយោជន៍នៃការបង់តម្លៃតូបនេះ គឺដើម្បីធានានូវ អាជីវកម្មរបស់បងប្អូនឱ្យនៅជាប្រក្រតី រយៈពេល ២០ឆ្នាំបន្តទៀត ហើយរដ្ឋបាលរាជធានីភ្នំពេញស្នើ តំណាងបងប្អូនអាជីវករយកលទ្ធផលនៃកិច្ចប្រជុំ ទៅជម្រាបជូនបងប្អូនអាជីវករអូរឫស្សីទាំងអស់ ដូចខាងក្រោម៖

១- ចំពោះអាណត្តិថ្មី នៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៤២។ ២- ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មី នៃកិច្ចសន្យា បងប្អូនអាជីវករអាចធ្វើការបង់ទៅតាមលទ្ធភាពជាក់ស្តែង ដូចខាងក្រោម៖

-ជម្រើសទី១ ៖ បង់ប្រាក់ ០១ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ

-ជម្រើសទី២ ៖ បង់ប្រាក់ ០២ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ ដោយបង់ ១០ ឆ្នាំ ម្តង

-ជម្រើសទី៣៖ បង់ប្រាក់ ០៤ លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់០៥ ឆ្នាំ ម្តង។

អត្ថបទដែលជាប់ទាក់ទង