ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសអនុវត្តគម្រោងដែលមានថវិកា ២៥ លានដុល្លារ​ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា

64

ភ្នំពេញ៖ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសអនុវត្តគម្រោងដែលមានថវិកា ២៥ លានដុល្លារ​ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណអធីបតី ក្នុងពិធីប្រកាសជាផ្លូវការនូវគម្រោងថ្មីមួយក្នុងកញ្ចប់ថវិកា ២៥ លាន ដុល្លារអាមេរិក ដែលមានគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចដែលមានភាពទូលំទូលាយនិងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា។ គម្រោង «កម្ពុជាហាវែស III» ជាគម្រោងដែលមានរយៈពេល ៥ ឆ្នាំ ទទួលបានការគាំទ្រថវិកាពីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (Feed the Future) និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា៖ “នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០ លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្ម។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង កម្ពុជាហាវែស III នេះ គឺបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការសម្រេចគោលដៅមួយនេះ។”

គម្រោង កម្ពុជាហាវែស III ថ្មីនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០២២ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។

គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជាមួយនឹងវិស័យឯកជន។ គម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល ទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើកន្លងមក លើការលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជននៅក្នុងទីផ្សារកសិកម្ម គម្រោងនឹងជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។

ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងជម្រុញឲ្យមានការវិនិយោគពីក្រុមហ៊ុនឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០ កន្លែង និងជួយកសិករនិងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម ឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និងបង្កើនការលក់ផលិតផលកសិកម្មឲ្យបាន ១០០លានដុល្លារ។

អត្ថបទដែលជាប់ទាក់ទង