ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី បានកើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១

66

 

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស កម្ពុជា-សិង្ហបុរី បានកើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ខណៈដែលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មបានកើនឡើងដល់២.១ ប៊ីលានដុល្លារ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី ដែលបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់មួយ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍន៍ជាតិ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ខណៈដែលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មបានកើនឡើងដល់២.១ ប៊ីលានដុល្លារ ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ យ៉ាងណាក្តី។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតាថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីប្រទេសសិង្ហបុរីផងដែរ។

ជាមួយគ្នានេះ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអរគុណចំពោះ ការគាំទ្ររបស់ឯកឧត្តម Gan Kim Yong រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី លើគន្លឹះអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសិង្ហបុរីនិងសមាជិកអាស៊ានដ៏ទៃទៀត ដើម្បីធានាឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងរៀបចំឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើត ដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ៕

អត្ថបទដែលជាប់ទាក់ទង