ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ CAMSOC នឹងផ្ដល់កម្លាំងកងទ័ពចំនួន ៥,២៧០នាក់ សម្រាប់ពិធីបើក និងបិទស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំក្រោយ

80

ភ្នំពេញ៖ប្រមុខគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្រេចដ៏ខ្ពង់ខ្ពស់ក្នុងការអនុញ្ញ្ញាតឲ្យប្រមូលកម្លាំងយោធិនចំនួន៥,២៧០នាក់សម្រាប់
ជួយដល់កម្មវិធីផ្សេងៗរបស់គណៈកម្មាធិការជាតិCAMSOCពិសេសចូលរួមសម្ដែងអបអរពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ។

នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្នុងកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការពិធីបើក-បិទ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ម្សិលម៉ិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣។
របៀបវារៈ ទី១គឺពិភាក្សាលម្អិត ស្ដីពីតម្រូវការកម្លាំងហ្វឹកហាត់ និងសម្ដែង ទី២គឺ ការត្រៀមរៀបចំផែនការហ្វឹកហាត់សម្ដែងនិងអ្នកទទួលខុសត្រូវនិងទី៣គឺការត្រៀមជ្រើស
រើសទីតាំងហ្វឹកហាត់ និងសម្ដែងសាកល្បង។

ក្រោយទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនាប្រធាននិងការអនុវត្តការងារជាប្រចាំរបស់ឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានណែនាំឲ្យឯកឧត្តម វ៉ាត់ ចំរើន ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាពីរបៀបវារៈខាងលើដោយមានភាគីសំខាន់ៗ២ផ្នែកចូលរួមគឺភាគីគ្រប់គ្រងកម្លាំង ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គលេខាធិការរង CAMSOC និងភាគីប្រើប្រាស់កម្លាំង ដឹកនាំដោយឯកឧត្តម ហ៊ី វីរៈ និងឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តមវ៉ាត់ចំរើនបន្ដថាភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នានិងបញ្ជាក់ប្រាប់គ្នាទៅវិញទៅមកនូវចំនួនកម្លាំងដែលត្រូវការ។កម្លាំងទាំងអស់នេះ(៥,២៧០នាក់)ត្រូវបែងចែកទៅតាមផែននីមួយៗ ដែលត្រូវការបណ្ដុះបណ្ដាល និងអនុវត្តការហ្វឹកហ្វឺនផ្នែកសម្ដែង ផ្នែកទស្សនីយភាពផ្នែកជួយដល់កម្មវិធីទាំងមូលជាបណ្ដើរៗហើយនៅឡើយតែធ្វើការបន្ស៊ីគ្នាជាមួយការអនុវត្តផ្ទាល់តែប៉ុណ្ណោះ។
អង្គប្រជុំ បានដាក់ចេញនូវកម្មវិធីច្បាស់លាស់ ការទទួលខុសត្រូវខាងផ្នែកគ្រប់គ្រង និងតម្រូវការបច្ចេកទេសច្បាស់លាស់ក្រោយការដាក់ការងារឲ្យគ្នាទៅវិញទៅមកហើយរង់ចាំតែការរៀបចំទីតាំង និងពេលវេលាច្បាស់លាស់ ដើម្បីចាប់ផ្ដើមហ្វឹកហាត់ប៉ុណ្ណោះ។

ឯកឧត្តមអគ្គលេខាធិការបន្ដថាតាមការគ្រប់គ្រង និងការណែនាំកម្លាំងរបស់ឯកឧត្តម ខៀវឆេននាយកខុទ្ទកាល័យសម្ដេចពិជ័យសេនាគឺបានសម្របសម្រួលកិច្ចការងារនេះបាន
យ៉ាងរលូនហើយអ្វីដែលត្រូវកត់សម្គាល់នោះគឺយើងប្រើប្រាស់កម្លាំងយោធាដែលជាកម្លាំងរៀបរយ កម្លាំងមានវិន័យ កម្លាំងមានសណ្ដាប់ធ្នាប់ កម្លាំងមានបទបញ្ជាច្បាស់លាស់ កម្លាំងដែលមានសុខភាពល្អទាំងអស់នេះគឺជាកម្លាំងពិតនៃការសម្ដែងនិងការរៀបចំក្នុងពិធី
បើក និង បិទ។
គ្មានអ្វីក្រៅពីការប្រើប្រាស់កម្លាំងកងទ័ពទេដើម្បីជួយឲ្យការងារនេះជោគជ័យហើយមានភាពអស្ចារ្យក្នុងពិធីបើក-បិទរបស់យើង។ ការសម្ដែង ដោយប្រើប្រាស់ធនធានមនុស្ស បូកជាមួយបច្ចេកវិទ្យាទំនើប និងទាន់សម័យបញ្ចូលគ្នាយើងនឹងទទួលបាននូវភាពអស្ចារ្យមួយ ដើម្បីកសាងកិត្តិយសកម្ពុជា អំឡុងពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រោះពិធីបើក គឺជាពិធីដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងចូលរួម ហើយគាំទ្រ និងមើលឃើញពីសក្ដានុពលជាតិរបស់យើង ដែលនឹងបង្ហាញនូវក្នុងពិធីបើក-បិទនេះ។
ឯកឧត្តមវ៉ាត់ចំរើនបានសង្កត់ធ្ងន់ថាអ្វីដែលយើងខំប្រឹងប្រែងហើយជំនាញទាំងអស់ខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារនេះដើម្បីរៀបចំឲ្យបានមុននិងទាន់ពេលមុនពេលព្រឹត្តិការណ៍កើតឡើង។ អីចឹងយើងមានពិធី៤ គឺពិធីបើករបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងពិធីបិទរបស់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម។ពិធីទាំងអស់នេះសុទ្ធតែជាពិធីពាក់ព័ន្ធទៅនឹងកេរ្ដិ៍ឈ្មោះ កិត្តិយស ហើយនឹង Legacy របស់ស៊ីហ្គេម នៅក្នុងពេលយើងធ្វើម្ចាស់ផ្ទះ។

ក្រៅពីកម្លាំងយោធិនដែលត្រូវបានចាត់ទុកជាកម្លាំងពិតCAMSOCក៏ត្រូវការកម្លាំងជំនាញ និងស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីផ្គុំជាកម្លាំងពិសេសមួយ ដូចជាកម្លាំងជំនាញសិល្បករ-សិល្បការិនី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កម្លាំងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានិងកម្លាំងផ្សេងៗទៀតដើម្បីធានាបាននូវការសម្ដែងមួយដ៏អស្ចារ្យនិងទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង