ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សកាន់អំណាច ​របស់​ប្រទេស​ស្រី​លង្កា​ ស្នើ​ឲ្យ​ប្រធានាធិបតី​ថ្មី​ ជួយ​ដល់​ការ​ត្រឡប់​ចូល​ប្រទេស​វិញ ​របស់​អតីត​មេដឹកនាំ​លោក​ Rajapaksa

156

COLOMBO៖​ សារព័ត៌មានReutersចេញផ្សាយថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ គណបក្សកាន់អំណាច​របស់​ប្រទេស​ស្រី​លង្កា​បាន​ស្នើ​ឲ្យ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ផ្តល់​នូវ​សុវត្ថិភាព​ និង​ជំនួយ​ផ្សេង​ទៀត​សម្រាប់​អតីត​ប្រធានាធិបតី​ដែល​បាន​ភៀសខ្លួន​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ខែ​មុន​បន្ទាប់​ពី​ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​។​

​កាលពី​ខែ​មុន​ លោក​ Gotabaya​ Rajapaksa​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ និង​បាន​លាឈប់​ពី​តំណែង​ជា​ប្រធានាធិបតី​ស្រី​លង្កា​ ដោយ​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជើង​ចាស់​លោក​ Ranil​ Wickremesinghe​ ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សភា​ និង​កាន់​តំណែង​កំពូល​នោះ​។​

​លោក​ Rajapaksa​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចាត់ចែង​ខុស​ចំពោះ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កោះ​មួយ​នេះ​ ដោយ​បណ្តាល​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ ០៧​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ហើយ​នា​ពេល​បច្ចុប្បន្ន​ រូប​លោក​កំពុង​តែ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​ក្នុង​ប្រទេស​ថៃ​។​

​លោក​ Sagara​ Kariyawasam​ អគ្គលេខាធិការ​នៃ​គណបក្សកាន់អំណាច​ Podujana​ Peramuna​ របស់​ប្រទេស​ស្រី​លង្កា​បាន​និយាយ​ថា​ គណបក្ស​របស់​គាត់​បាន​ទៅ​ជួប​លោក​ Wickremesinghe​ ដើម្បី​សុំ​ជំនួយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​លោក​ Rajapaksa​ ត្រឡប់​ចូល​ប្រទេស​វិញ​។​

​លោក​ Kariyawasam​ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា​ “​យើង​បាន​ស្នើ​សុំ​ប្រធានាធិបតី​ជួយ​សម្រួល​ និង​ផ្តល់​សុវត្ថិភាព​ និង​មធ្យោបាយ​ចាំបាច់​សម្រាប់​អតីត​ប្រធានាធិបតី​លោក​ Gotabaya​ Rajapaksa​ ដើម្បី​ត្រឡប់​ចូល​ប្រទេស​វិញ​”​ ៕

អត្ថបទដែលជាប់ទាក់ទង