ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំនួនសត្វសត្វរំពារ(ឈ្លូស) ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវ កំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ

117

មណ្ឌលគិរី៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមនិងគាំទ្រពីគម្រោងស្រាវជ្រាវរបស់អង្គការ WWF បានផ្តល់របាយការណ៍ថា ពួកគេបានកំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ចំនួន ២៥ទីតាំង ដើម្បីតាមដានចំនួនសត្វរំពារ(ឈ្លូស) ។ការសិក្សាស្រាវជ្រាវនេះស្ថិត នៅក្នុងដែនជម្រកសត្វព្រៃស្រែពក។

សូមបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ តាមដានចំនួនសត្វរំពារ(ឈ្លូស) ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ

ឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។ សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។សត្វប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារនិងគ្រោះថ្នាក់ ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ វាអាចបន្លឺសំឡេងខ្លាំងនិងតតបគ្នា រហូតដល់រយៈពេល១ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់១គីឡូម៉ែត្រ។

ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណី ពេញមួយយប់ ប្រសិនបើមានការរំខាន។
រដូវបន្តពូជប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូន១ក្បាល ជួនកាលភ្លោះប៉ុន្តែកម្រមានណាស់។
ក្នុងប្រភេទជម្រុះស្នែង សត្វឈ្លូសជាប្រភេទសត្វដែលមានមាឌតូច និងមានស្នែងខ្លីប្រវែងពី១០ទៅ១៥សង់ទីម៉ែត្រ ព្រមទាំងប្រវែងខ្នែងមិនលើសពី៥សង់ទីម៉ែត្រទេ។ ឈ្លូសញីគ្មានស្នែងដូចឈ្លូសឈ្មោលទេ គឺគ្រាន់តែលេចចេញជាដុំពក ឆ្អឹងតូចនៅពីលើក្បាលជាមួយរោមកញ្ចុំប៉ុណ្ណោះ។

ឈ្លូសញីនិងឈ្មោលមានចង្កូមដូចគ្នា ប៉ុន្តែឈ្មោលមានលក្ខណៈវែងជាង ដែលជាទូទៅវាប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយគូប្រជែង នៅពេលដណ្តើមញីនៅរដូវបន្តពូជ។ វាមានរោមពណ៌ត្នោត លឿង ហើយមានភាពស្រគាំនៅផ្នែកខាងលើ និងព្រលែតនៅផ្នែកខាងក្រោម។ នៅលើផ្ទៃមុខបង្ហាញនូវខ្សែឆ្នូតពណ៌ខ្មៅស្ថិតនៅជាប់ចង្អូរស្នែងទាំង២។ នៅខាងលើកន្ទុយមានពណ៌ក្រហម និងខាងក្រោមមានពណ៌ស ៕

 

អត្ថបទដែលជាប់ទាក់ទង