ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ ប្រុងប្រៀបរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

172

 

ភ្នំពេញ៖ ក្រសួងការពារជាតិ បើកកិច្ចប្រជុំពិភាក្សាការងារប្រុងប្រៀបរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញជាអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណ:កម្មការការងាររៀបចំពិធីរំលឹកខួបព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័ន
ពាក់ព័ន្ធ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ និងបណ្ដាលស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ នៅសាលប្រជុំជាន់ទី៤ នៃទីស្ដីការក្រសួងការពារជាតិ។

លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានអង្គភាពសេនាតេជោ បានលើកបញ្ជាក់ក្នុងផែនការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅតំបន់អភិវឌ្ឍឧកញ៉ា លី យ៉ុងផាត់ ក្នុងទឹកដីសង្កាត់ព្រែកឫស្សី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២២នេះ តាមផែនការរបស់គណៈកម្មការរៀបចំពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០២២ គឺក្រុមការងារយើងបានត្រៀមគ្រប់លក្ខណៈសម្បត្តិ ក្នុងការរៀបចំកម្លាំងចូលរួមពិធីប្រមាណជា ៣២០៩ នាក់ ។ ដែលក្នុងនោះមានកងកម្លាំងប្រដាប់អាវុធប្រមាណជា ២៣១៥នាក់ .និងកម្លាំងមហាជនប្រមាណជា ៨០៩៤ នាក់ ។ ដែលក្នុងនោះមានកម្លាំងគ្រងឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ទៅតាមប្រភេទទ័ព កងកម្លាំងនគរបាលជាតិ រួមទាំងកងកម្លាំងកងកិត្តិយសត្រែទ័ព និងកម្លាំងការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីផងដែរ ។ ជាមួយនឹងការរៀបចំពិធីរំលឹកខួបនេះដែរ ក្រុមការងារនៃគណៈកម្មការរៀបចំពិធីក៏បានធ្វើផែនការរួចជាស្រេចទាំងទីតាំង និងស្តង់តាំងពីព័រណ៍កងទ័ពប្រមាណជា ២៤ ស្តង់ សម្រាប់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ជូនដល់មហាជន ប្រជាជន បានចូលទស្សនា នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្ថី ប្រធានស្ថាប័ន អង្គភាពសេនាតេជោ ។

បើយោងតាមផែនការនេះ ពិធីអបអរសាទរខួបលើកទី ២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមការងាររៀបពិធីរំលឹកខួបលើកទី ២៤ ក៏បានសំណូមពរដល់ មេបញ្ជាការ និងប្រធានស្ថាប័នពាក់ព័ន្ធគ្រប់កងឯកភាពទាំងអស់ ដែលជាក្រុមការងារគ្រប់គ្រងពិធី.គ្រប់គ្រងសកម្មភាពការតាំងពិព័រណ៍កងទ័ព និងក្រុមការងារគ្រប់គ្រងកងកម្លាំងសម្រាប់ចូលរួមពិធីត្រូវយកចិត្តទុកដាក់រៀបចំឲ្យបានល្អទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងពិធីរួមទាំងការរៀបចំទទួលបដិសណ្ឋារកិច្ចសម្រាប់ថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ និងកម្លាំងដែលចូលរួមឱ្យបានរលូន នឹងល្អប្រសើរ ។ ពិសេសក្រុមការងារក៏ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការរៀបចំពិធី ដើម្បីស្វែងរកទីតាំង សម្រាប់រៀបចំផែនឈរ ឲ្យបានត្រឹមត្រូវ នឹងមានគម្លាតសុវត្ថិភាព ទាំងកម្មវិធីសាកល្បង ក៏ដូចជាកម្មវិធីជាផ្លូវការ ។ ឯកឧត្តម ក៏បានក្រើនរំលឹកផងដែរដល់គ្រប់បណ្ដាកងឯកភាព និងនាយ ពលទាហាន ចូលរួមទាំងអស់ ត្រូវបន្តគោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ពិសេសត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន នឹងធ្វើតេស្តរកមេរោគកូវីដ ១៩ ដល់កម្លាំងទាំងអស់ មុននឹងចូលរួមក្នុងកម្មវិធីនេះ។

តាមរយៈនៃកិច្ចប្រជុំនេះឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់និងយកចិត្តទុកដាក់ អនុវត្តឲ្យបានជោគជ័យ ទៅតាមផែនការដែលបានកំណត់ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា បើកងកម្លាំងរបស់យើងដែលចូលរួមទាំងអស់ បំពេញភារកិច្ចបានល្អ មានវិន័យ សណ្ដាប់ធ្នាប់ល្អ គឺជាមុខមាត់ ហើយក៏ជាមហាកិត្តិយសរបស់កងយោធពលខេមរភូមិន្ទយើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង