ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តសៀមរាប ដាក់កំហិតឱ្យប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់

258

ភ្នំពេញៈ បើយោងតាមលិខិតរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជម្រាបជូនទៅលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៩ ខែសីហា ឆ្នា២០២២ រដ្ឋបាលខេត្តសៀមរាប អោយលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ ពីព្រោះការជួបជុំពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈបរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជម្រាបជូនលោកខឹម វាសនា ស្តីពីការធ្វើសកម្មភាពប្រមូលផ្តុំមនុស្សរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត និងក្រៅប្រទេសមកធ្វើ ការជួបជុំ និងប្រមូលផ្តុំគ្នានៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោល បំណងដើម្បីចូលរួមស្តាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានធ្វើវិបស្សនា មើលឃើញ និងបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងដំណើរនៃធម្មជាតិ(ទឹកជំនន់) ក្រោមការរៀបចំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការ បោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប ជម្រាបជូន លោក ប្រធានគណបក្ស បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

នាព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប ឥឡូវពលរដ្ឋកើនឡើងជិត ២ម៉ឺននាក់ហើយ ក្រោមកិច្ចដឹកនាំប្រជុំរបស់​ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុក និង មន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តសៀមរាប ។

កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា ទៅលើហេតុការណ៍ នឹងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាប ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿ ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួនមានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ហើយមកដល់ពេលនេះ មិនទាន់រំសាយនៅឡើយទេ ដែលនេះជាហេតុបង្កការព្រួយបារម្ភដល់អំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង បរិស្ថាន អនាម័យសាធារណៈទូទៅ សំខាន់ការខកខានរបស់កុមារតូចៗមិនបានរៀនសូត្រ ដែលទាមទារចាំបាច់ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និង សហការគិតគូរដោះស្រាយ ។

ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាជម្រុញដល់គ្រប់អង្គភាព-មន្ទីរស្ថាប័ន សហការរួមគ្នាផ្អែកលើជំនាញ ដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យបរិស្ថានសាធារណៈ បញ្ហាជំងឺឆ្លងរាតត្បាត និងផលប៉ះពាល់សំខាន់ៗជាច្រើនទៀត និងអ្នកចូលរួមអាចខាតបង់ពេលវេលាប្រកបអាជីវកម្ម ខាតបង់ការសិក្សារបស់កូនចៅពួកគាត់ជាដើម។ល។

អត្ថបទដែលជាប់ទាក់ទង