ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់ទេសចរណ៏ កំពង់ភ្លុក ក្លាយជាគោលដៅសំខាន់ ពីសំណាក់ភ្ញៀវជាតិ – អន្ដរជាតិ ទៅទស្សនា កំម្សាន្ដមិនចេះដាច់

117

សៀមរាប៖. សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅលើទឹកដី នៃខេត្ដសៀមរាប នៅតែមានភាពទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះដាច់ ជាពិសេសនារដូវវស្សាតែម្តង ព្រោះមានទេសភាព ស្រស់ស្អាត លំនៅឋានខ្ពស់ៗ និងមានផ្ទៃទឹកធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក។

លោកសាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានបញ្ជាក់ ឲ្យដឹង នៅថ្ងៃទី៣០ សីហានេះថា៖ ឃុំកំពង់ភ្លុក មានភូមិចំនួន៣ មានប្រជាជនរស់នៅសរុបចំនួនជាង៣០០០នាក់ ដែលភាគច្រើនពួកគាត់ប្រកបរបរនេសាទ និងពឹងអាស្រ័យលើវិស័យទេសចរណ៍។ លោកបន្តថា កំពង់ភ្លុក បានត្រូវស្គាល់ និងក្លាយជាគោលដៅទេសចរណ៍មួយនៅអំឡុងឆ្នាំ២០១៣មក ដោយសារទីនោះមានទេសភាពស្រស់ស្អាត លំនៅឋានប្រជាពលរដ្ឋខ្ពស់ៗផុតពីទឹក ព្រៃស្រោងមានទំហំជិត៥០ហិកតា ត្រូវបានថែរក្សាការពារយ៉ាងល្អប្រសើរ។
លោកបន្តថា៖ អ្នកទេសចរត្រូវធ្វើដំ ណើរដោយទូកឬកាណូត ទើបអាចទៅ ដល់ភូមិបណ្តែតទឹក និងទស្សនាទេសភាពផ្ទៃបឹងទន្លេសាប ជាពិសេសនារដូវវស្សា មានភាពស្រស់ស្អាតខ្លាំង ដោយសារផ្ទៃទឹកធំ ល្វឹងល្វើយដាច់កន្ទុយភ្នែក និងអាចទស្សនាទិដ្ឋភាពថ្ងៃលិចកណ្តាលបឹងទន្លេសាបគួរជាទីគយគន់ទៀតផង។

ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបន្តថា ដោយសារវិបត្តិជំងឺកូវីដ -១៩បានអូយបន្លាយជាង២ឆ្នាំ ធ្វើឱ្យមាន ផលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពប្រជាពលរដ្ឋដែលភាគច្រើនពឹងអាស្រ័យផល លើវិស័យទេសចរណ៍។ តែយ៉ាងណា ក្រោយការបើកដំណើរការប្រទេសឡើង វិញរបស់រាជរដ្ឋាភិបាល ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ចាប់ផ្តើមមានកំណើនឡើង វិញ ដោយក្នុងមួយថ្ងៃ មានភ្ញៀវទេសចរជិត១០០នាក់បានមកទស្សនាសហគមន៍ នេះ។
ទី១គាត់បានឆ្លងកាត់កាណូត ឆ្លងកាត់ភូមិបណ្តែតទឹក មានជើងសសរខ្ពស់ៗផុតពីដី ខុសប្លែកពីតំបន់ខាងលើ ទី២យើងឃើញមានព្រៃកោងកាង យើងហៅថាព្រៃគុប មានទំហំផ្ទៃដី៤៨ហិកតា សម្រាប់ទាក់ទាញឱ្យភ្ញៀវចូលកម្សាន្ត ក្នុងរដូវវស្សានិងរដូវប្រាំង តែខ្ញុំសុំបញ្ជាក់មួយទៀត ក្នុងរដូវវស្សាយើងអាចមើលឃើញបានច្រើន ពីទេសភាពបានស្អាត តែនៅរដូវប្រាំងយើងមើល បានឃើញដូចគ្នា ក៏ប៉ុន្តែរដូវប្រាំងដីគោករាក់អត់មានទឹក។សហគមន៍ទេសចរណ៍កំពង់ភ្លុកក៏មាន អាហារដ្ឋានបណ្តែតទឹកហ្នឹង យើងអាចអុំទូកចូលទៅក្នុងព្រៃគុបហ្នឹង យើងចេញពីក្នុងព្រៃគុបហ្នឹងមកអាចទៅញាំអាហារបណ្តើរមើលទេសភាពបណ្តើរ យើងចេញពីអាហារដ្ឋានអាចទៅក្នុងបឹងទន្លេសាប អាចទៅមើលថ្ងៃលិចនៅទីនោះ បឹងទន្លេសាបនេះគឺជាសក្តានុពលមួយសម្រាប់ទាក់ទាញភ្ញៀវដ៏ធំធេងបំផុត សម្រាប់ឱ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្ត។

សូមបញ្ជាក់ថា៖ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ សហគមន៍នេះ ស្ថិតនៅជាប់មាត់បឹងទន្លេសាប។ កំពង់ភ្លុក មានភូមិចំនួន៣ ចូលគ្នាស្ថិតក្នុង បឹងទន្លេសាប ដែលមានចម្ងាយប្រហែល១៦ គីឡូម៉ែត្រ ពីទីរួមស្រុកប្រាសាទបាគង។ ដោយសារលក្ខណៈពិសេសរបស់ភូមិ ជាពិសេសរដូវវស្សាមានទឹកឡើងល្ហាចល្ហឹម ទេសភាពស្រស់ស្អាត ទិដ្ឋភាពថ្ងៃរៀបលិចកណ្តាលផ្ទៃទឹក ជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ ទេសចរណ៍នៅកំពង់ភ្លុក ជាទេសចរណ៍ ធម្មជាតិនិងវប្បធម៌ ដែល មានទាំងការកម្សាន្តតាមភូមិលិចទឹក មានផ្ទះអណ្តែតលើទឹក និងការទស្សនានូវសត្វស្លាបជាច្រើនប្រភេទ ធ្វើឱ្យអារម្មណ៍របស់ភ្ញៀវទេសចរមានភាពស្រស់ថ្លា សប្បាយរីក រាយ ភ្លេចអស់ទុក្ខកង្វល់៕.
សំរិត

អត្ថបទដែលជាប់ទាក់ទង