ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្រ្តាលី គាំទ្រដល់សហគ្រិនស្ត្រី មានពិការភាព ក្នុងការទទួលបាននូវសមភាព

85

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលី បានឲ្យដឹងថា ថ្មីៗនេះ ស្ថានទូតអូស្ត្រាលីបានគាំទ្រ វេទិកាសហគ្រិនស្ត្រីមានពិការភាព ក្នុងភាពជាដៃគូសហការជាមួយ សហគ្រាសសង្គមអ៊ែដ្យាយល៍ Agile Development Group និងនាយកដ្ឋានសុខុមាលភាពជនពិការនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា MoSVY Cambodia។

វេទិកានេះមានគោលបំណងលើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីការរួមចំណែក របស់សហគ្រិនស្ត្រីមានពិការភាពដល់សេដ្ឋកិច្ចសង្គម ណែនាំពួកគេអំពីប្រភពមូលនិធិដ៏មានសក្តានុពល និងឱកាសសេដ្ឋកិច្ច ក៏ដូចជាការបង្ហាញផលិតផលដែលអាជីវកម្មរបស់ពួកគេមានផ្តល់ជូន។

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះ សហគ្រាសសង្គមAgile តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌
(#ACCESS)។

កម្មវិធីនេះមានគោលបំណង ផ្តល់ការបណ្តុះបណ្តាលដល់ស្ត្រីមានពិការភាពក្នុងការបង្កើនជំនាញ ក៏ដូចជាការកសាងទំនុកចិត្ត និងជំនាញបច្ចេកទេស រួមទាំងការគ្រប់គ្រងអាជីវកម្ម ដើម្បីរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ ២០១៩-២០២៣។

អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រវេទិកានេះ តាមរយៈកម្មវិធី #ACCESS ដើម្បីលើកកម្ពស់ សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព៕

អត្ថបទដែលជាប់ទាក់ទង