ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី មុននឹងចាប់ដំណើរការសាងសង់ស្ពានអាកាស ២ កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ

101

ភ្នំពេញ ៖​ រដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៣០សីហានេះ បានរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ពីម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករទីតាំងប្រារព្វពិធី​ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាស៊ីណា ឃួងស្រេង។

តាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងមានការសាងសង់សំណង់អ្វីមួយ ឬសម្ពោធសមិទ្ធផលណាមួយដែលទើបបានសាងសង់រួច គេតែងប្រារព្វពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងជូនដំណឹងដល់អ្នកថែរក្សាទឹកដីនោះសុំជួយបី បាច់ថែរក្សាឲ្យដំណើរការនៃការសាងសង់នោះ សម្រេចបានជោគជ័យប្រកប ដោយសុវត្ថិភាព និងរីកចម្រើនជារៀងរហូតទៅ។ ពិធីក្រុងពាលីនេះធ្វើឡើងមុនមួយថ្ងៃ មុននឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ២ កន្លែងព្រមគ្នាបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ គឺនៅព្រឹកថ្ងៃទី៣១សីហា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសទាំង២កន្លែងនេះ រួមមាន ទី១ នៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ),និងមហាវិថីព្រះមុន្នីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)។ ទី២ ត្រង់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងវិថីសម្តេចចៅហ្វាវាំង
វរវៀងជ័យធិបតីស្រឹង្គារគង់សំអុល(ផ្លូវ២០០៤)។ នេះជាសមិទ្ធផលថ្មីបន្ថែមទៀត​ ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ ក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ និយាយដោយឡែកមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ បម្រើឲ្យសេចក្តីត្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានការកើនឡើងទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ ដំណើរ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសុំការយោគយល់អធ្យាស្រ័យ ពីអ្នកធ្វើដំណើរតាមដងផ្លូវ ដែលត្រូវប្រារព្វពិធីនៅពេលដែលរដ្ឋបាល រាជធានីភ្នំពេញ បានសម្រេចបិទចរាចរជាបណ្តោះអាសន្ន ដើម្បីបង្កឱកាសក្នុងការប្រារព្វពិធីប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អ ប្រសើរ ហើយនៅពេលពិធីចប់ ចរាចរនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា៕

អត្ថបទដែលជាប់ទាក់ទង