ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តី វេង សាខុន ដឹកនាំវិស័យឯកជន ដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា មកពិនិត្យក្រុមហ៊ុន Netafim ក្នុងបំណងសិក្សាស្វែងយល់ អំពីបច្ចេកទេសកសិកម្មថ្មីទំនើបទាក់ទងផ្ទះសំណាញ់

198

 

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំវិស័យឯកជនដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាមកពិនិត្យក្រុមហ៊ុន Netafim ក្នុងបំណងសិក្សាស្វែងយល់អំពីបច្ចេកទេសកសិកម្មថ្មីទំនើបទាក់ទងផ្ទះសំណាញ់ ការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម ពិសេសប្រព័ន្ធដំណក់ទឹក។

លោក Eli Matan អ្នកគ្រប់គ្រងទូទៅ បានពន្យល់ប្រាប់ជាហូរហែរអំពីការអនុវត្តបច្ចេកវិទ្យាកសិកម្ម ការងារស្រាវជ្រាវ ការបណ្តុះបណ្តាល និងបង្ហាញ។ល។ សំខាន់ជាងគេ គឺការប្រើប្រាស់ និងគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធភាពខ្ពស់លើដំណាំ ដោយសារបរិមាណទឹកត្រូវការប្រើប្រាស់សម្រាប់វិស័យកសិកម្មមាននិន្នាការកើនឡើងជាលំដាប់។ ដើមឡើយរដ្ឋអ៊ីស្រាអែលប្រើទឹកសំណល់ពីទីក្រុង និងទីប្រជុំជន ដែលបានច្រោះសំអាតរួចហើយ ដោយសារវិស័យកសិកម្មមានការរីកចម្រើន សេចក្តីត្រូវការទឹកក៏កើនឡើង ដែលទាមទារឲ្យរដ្ឋាភិបាលត្រូវការវិនិយោគយ៉ាងច្រើនដើម្បីទាញយកទឹកសមុទ្រមកច្រោះ ចំរាញ់ប្រើប្រាស់បន្ថែម។ បច្ចុប្បន្ន ការអនុវត្តប្រព័ន្ធដំណក់ទឹកក្នុងកសិដ្ឋានត្រូវបានវិវឌ្ឍន៍យ៉ាងទូលំទូលាយ ដោយសារបច្ចេកវិទ្យានេះបានផ្តល់ប្រយោជន៍យ៉ាងច្រើនដូចជា÷ ប្រើបរិមាណទឹកតិច ចំគោលដៅ គ្រប់គ្រងការលូត លាស់រុក្ខជាតិគ្មានប្រយោជន៍ និងការលូតលាស់ពពួកបាក់តេរី និងផ្សិតចង្រៃបានល្អ ប្រើប្រាស់ ជីទឹកចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ដំណាំ កាត់បន្ថយស្តេសរបស់ដំណាំដោយ សារបរិមាណទឹកជោគជាំពេក កាត់បន្ថយពលកម្ម និងទទួលបានទិន្នផលខ្ពស់ (សូមបញ្ជាក់ថា បច្ចុប្បន្នអ៊ីស្រាអែលបានប្តូរបច្ចេកទេសរាយទុយោលើផ្ទៃដីមកបង្កប់ក្នុងដីវិញ)។ តាមការបញ្ជាក់ពីលោក Eli Matan ថាការបង្កប់ទុយោក្នុងដីមានប្រយោជន៍ដោយសារឬសដំណាំចាប់យកទឹក និងសារធាតុចិញ្ចឹមបានល្អ រក្សាសម្ងួតផ្ទៃដីខាងលើ មិនបង្កលក្ខណអំណោយផលឲ្យរុក្ខជាតិគ្មានប្រយោជន៍ដុះលូតលាស់បាន និងគ្រប់គ្រងមិនឲ្យបាក់តេរី និងពួកផ្សិតចង្រៃរស់ និងលូតលាស់បានងាយ។ល។

ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មផលិតទុយោតំណត់ទឹករបស់ក្រុមហ៊ុន Netafim។ រោងចក្រអាចផលិតបានទុយោ ១ពាន់លានម៉ែត្រ/ឆ្នាំ។ រោងចក្រមានមន្ទីរពិសោធន៍វត្ថុធាតុដើម ពិនិត្យគុណភាពផលិតផលសម្រេច ប្រព័ន្ធតាមដានរាល់បញ្ហាដែលអាចកើតឡើងបន្ទាប់ពីផលិត។ Netafim គឺជាក្រុមហ៊ុនធារាសាស្ត្រស្រោចស្រពដ៏ធំបំផុត និងឈានមុខគេលើពិភពលោកក្នុងដំណោះស្រាយប្រព័ន្ធធារាសាស្រ្តស្រោចស្រព ដែលបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការខ្វះខាតស្បៀងអាហារ ទឹក និងដី ដើម្បីអនាគតប្រកបដោយនិរន្តរភាព ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣៣ និងរោងចក្រផលិតចំនួន ២១ នៅទូទាំងពិភពលោក។ Netafim ផ្តល់នូវដំណោះស្រាយប្រព័ន្ធធារាសាស្រ្ត និងជីជាតិ ដែលមានលក្ខណៈច្នៃប្រឌិត ជួយកសិកររាប់លាននាក់ ដែលអនុញ្ញាតឱ្យកសិករតូចតាចដល់ផលិតករកសិកម្មខ្នាតធំនៅក្នុងប្រទេសជាង ១១០ ដាំដុះកាន់តែច្រើន។ Netafim ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ ដោយលោក Netafim បានត្រួសត្រាយផ្លូវនៃបដិវត្តន៍ដំណក់ទឹកដោយបង្កើតការផ្លាស់ប្តូរ គំរូ ឆ្ពោះទៅរកប្រព័ន្ធធារាសាស្រ្តច្បាស់លាស់។ ក្រុមហ៊ុនក៏កំពុងឈានមុខគេក្នុងវិស័យកសិកម្មឌីជីថល ដោយរួមបញ្ចូលការត្រួតពិនិត្យ តាមពេលវេលាជាក់ស្តែងការវិភាគ និងការគ្រប់គ្រងដោយស្វ័យ ប្រវត្តិទៅក្នុងប្រព័ន្ធទំនើបបំផុតមួយ។ ការផ្តល់បរិមាណទឹក និងសារធាតុចិញ្ចឹមដ៏ល្អទៅ កាន់ឫសនៃរុក្ខជាតិនីមួយៗ មិនមែនដីនោះទេ។ ដូច្នេះ ចំនួនប្រជាជនកាន់តែកើនឡើង ទិន្នផលកាន់តែប្រសើររៀងរាល់រដូវ ជាមួយនឹងធនធាន ឬទុនផលិតតិចជាងមុន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យក្រុមហ៊ុន Netafim ពិនិត្យលទ្ធភាពសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាក្នុងការរៀបចំស្រូវបង្ហាញដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពថ្មីទំនើបនៅស្ថានីយផលិតពូជស្រូវ។ ជាការឆ្លើយតប ក្រុមហ៊ុនបានរីករាយនឹងទទួលសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយសន្យាថានឹងសហការជាមួយអគ្គនាយកដ្ឋានកសិកម្មធ្វើការសិក្សាស្រាវជ្រាវអំពីប្រសិទ្ធភាពសេដ្ឋកិច្ច និងការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកលើផលិតកម្មដំណាំស្រូវ ជាពិសេសដើម្បីរកដំណោះស្រាយទៅនឹងបញ្ហាកង្វះទឹកនារដូវប្រាំងនៅកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង