ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី ៧៧ បុណ្យឯករាជ្យជាតិវៀតណាម និងខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម

48

 

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី៧៧ បុណ្យឯករាជ្យជាតិវៀតណាម និងខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគិត្រា នារាត្រី ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២២ ដែលកម្មវិធីនេះរៀបចំធ្វើឡើងដោយស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍លើកឡើងថា ការរៀបចំពិធីនាឱកាសនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងមានខ្លឹមសារជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ដែលមានប្រវត្តិតស៊ូ លះបង់ រួមសុខ រួមទុក្ខ និងជួយគ្នាទៅវិញទៅមក តាំងពីអតីតកាល រហូតមកទល់ពេលបច្ចុប្បន្ន។

សម្តេចបានសម្តែងអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងជាច្រើនសន្ធឹកសន្ធាប់ ដែលប្រទេសវៀតណាម សម្រេចបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម ចាប់តាំងពីពេលដណ្តើមបានឯករាជ្យពីនឹមអាណានិគមនិយម រហូតបានអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនគួរជាទីមោទនៈ ជាពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់ការថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក ។

ចំពោះទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-វៀតណាមវិញ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា តាមប្រវត្តិសាស្រ្ត ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបានកើតមានជាយូរលង់ណាស់ហើយ គឺមុនពេលដែលទំនាក់ទំនងការទូតត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧មកម្ល៉េះ ។សម្តេចបន្តថាក្នុងរយៈពេលជាច្រើនទសវត្សរ៍ មកនេះ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានពង្រឹង និងពង្រីកជាលំដាប់ លើគ្រប់វិស័យ មានលក្ខណៈស៊ីជម្រៅ និងយ៉ាងស្អិតរមួត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ភូមិផងរបងតែមួយ ប្រកបដោយការជឿទុកចិត្ត និងយោគយល់ពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយសម្រេចបាននូវសមិទ្ធផល ធំធេង និងគួរឱ្យកត់សម្គាល់ជាច្រើនរាប់មិនអស់។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើរការសួរសុខទុក្ខ និងជូនពរសព្វសាធុការដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម សូមទទួលបាននូវសេចក្តីសុខ សុភមង្គលនិងវិបុលភាពគ្រប់ប្រការ ជាពិសេសការសម្រេចបាននូវក្តីបំណងប្រាថ្នារបស់ខ្លូនក្នុងការប្រែក្លាយប្រទេសវៀតណាម ឱ្យទៅជាប្រទេសអភិវឌ្ឍន៍និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង