ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និង UNFPA បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ

39

 

ភ្នំពេញៈ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រី Sandra Bernklau តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Sandra Bernklau និងអះអាងពីការប្តេជ្ញាចិត្ត និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកស្រី និងក្រុមការងាររបស់លោកស្រីសម្រាប់កិច្ចការសំខាន់នៃ UNFPA ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រចាំប្រទេស (Country Programmes) និងផែនការសកម្មភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA ប្រចាំកម្ពុជា ដែលបានរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ UNFPA លើកិច្ចការផែនការគ្រួសារ ការអប់រំផ្នែកសុខ-ភាពបន្តពូជ និងការកាត់បន្ថយហឹង្សាប្រឆាំងស្រ្តី ជាពិសេសក្នុងការផ្តល់ជំនួយដល់ស្រ្តី និងយុវតីដែលងាយរងគ្រោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាល់ការគាំទ្រ និងជំនួយនានា ដែលបានផ្តល់ដោយ UNFPA ប្រចាំកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយអត្រាមរណៈមាតាជិត ២/៣ ដែលនេះជា សមិទ្ធិផលដ៏ធំមួយ ដែលមានតែ ៩ ប្រទេសប៉ុណ្ណោះ រួមទាំងកម្ពុជាផង បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាមរណៈមាតាយ៉ាងហោចណាស់ ៧៥% ក្នុងរវាងឆ្នាំ១៩៩០ និង២០១៥ ។

លោកស្រី Sandra Bernklau បានកោតសរសើរចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការសម្រេចឱ្យបាននូវគោលដៅ «៣សូន្យ ត្រឹមឆ្នាំ២០៣០» (គ្មានហឹង្សា ឬការធ្វើបាបស្រ្តីនិង កុមារី គ្មានឧបសគ្គចំពោះតម្រូវការពន្យារកំណើត និងគ្មានមរណៈមាតាដែលអាចបង្ការបាន) ។
លោកស្រីក៏បានថ្លែងអំណរគុណចំពោះការណែនាំទម្រង់ទិស និងគំនិត
ផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបង្កើតគណៈកម្មាធិការ ពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍។ លោកស្រីបានរំពឹងទុកថាវត្តមាន និងបទពិសោធន៍របស់លោកស្រីនឹងអាចពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកស្រី Sandra Bernklau បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង UNFPA ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហ-ប្រតិបត្តិការដ៏ល្អបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង