ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋលេខាធិការក្រសួងការងារ ជំរុញដល់ម្ចាស់កសិដ្ឋានគិរីសួគ៌ ឲ្យពិនិត្យលទ្ធភាពដើម្បីបើកកសិដ្ឋានផលិតទឹកដោះគោស្រស់ តាមខេត្តមួយចំនួនទៀត

87

 

តាកែវ៖ ក្នុងដំណើរទស្សនៈកិច្ចកសិដ្ឋានផលិតទឹកដោះគោស្រស់គិរីសួគ៌ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសសើរចំពោះបច្ចេកទេសដ៏ទំនើបរបស់កសិដ្ឋានផលិតទឹកដោះគោស្រស់ គិរីសួគ៌ និងជំរុញឲ្យម្ចាស់កសិដ្ឋានគិរីសួគ៌បន្តពិនិត្យលទ្ធភាពដើម្បីបើកកសិដ្ឋានផលិតទឹកដោះគោស្រស់តាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរឲ្យបានច្រើន និងដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យបានទាន់ពេលវេលា។
ក្នុងដំណើរទស្សនកិច្ចនេះក៏មានការចូលអមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សមាគមមិត្តយើង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចុះទស្សនកិច្ចស្វែងយល់ពីចង្វាក់ផលិតកម្មផលិតផលកែច្នៃចេញពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

បើតាមលោកឧកញ៉ា គួច សុខលី ប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណរដ្ឋកូរ៉េ និងជាម្ចាស់ភាគហ៊ុន កសិដ្ឋានគិរីសួគ៍ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៍គឺជា កសិដ្ឋានទឹកដោះគោ ទំនើបដំបូងគេនៅកម្ពុជា កសិដ្ឋានកំពុងប្រតិបត្តិការកសិដ្ឋាននៅលើផ្ទៃដី ៣០០ហិកតាមានផ្ទៃដីដាំស្មៅសម្រាប់សត្វគោជាង ១ ០០០ក្បាល និងរោងចក្រផលិតផល និងកែច្នៃទឹកដោះគោដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ កសិដ្ឋានមានបុគ្គលិកចំនួន ១១០នាក់ (បរទេស ៤នាក់) ដែលកំពុងបម្រើការងារ និងទទួលយកចំណេះដឹងបច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីជំនាញការបរទេស (អ៊ីស្រាអែល) ដើម្បីចូលរួមផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាមកទស្សនកិច្ចនៅកសិដ្ឋាននេះ ដែលនេះបានសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់កសិដ្ឋាន ដែលបានជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជា នាំមកនូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ ផលិតផលនានាចេញពីទឹកដោះគោដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក។ បន្ទាប់ពីបានធ្វើទស្សនកិច្ចទីតាំងមួយចំនួនក្នុងកសិដ្ឋានដែលមានដូចជា ទីតាំងបច្ចេកទេសយកទឹកដោះគោ, ទីតាំងកែច្នៃទឹកដោះគោឱ្យមានគុណភាព និងប្រភេទចំណី រួចមក ឯកឧត្តមរដ្ឋលេខាធិការក៏បានជួបសំណេះសំណាល និងនាំយកអំណោយមួយចំនួនចែកជូនបុគ្គលិក ដែលកំពុងបំពេញការងារក្នុងកសិដ្ឋានគិរីសួគ៍ផងដែរ។ ឯកឧត្តមក៏បាន ស្នើឱ្យកសិដ្ឋានរក្សាវិធានការអនាម័យ ដើម្បីធានាបាននូវគុណភាពផលិតផលនានារបស់កសិដ្ឋាន ជាពិសេសស្មើឱ្យបងប្អូនបុគ្គលិកទាំងអស់ត្រូវខិតខំធ្វើការ ស្វែងយល់អំពីបច្ចេកទេស និងជំនាញក្នុងការផលិត ដើម្បីខ្មែរយើងអាចធ្វើដោយខ្លួនឯងបាន។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់សមាគមមិត្តយើង ក៏ដូចជាកសិដ្ឋានគិរីសួគ៍ បន្តបង្កើតឱកាសការងារ អាជីវកម្ម មិត្តភាព សាមគ្គីភាព និងបន្តកសាងបណ្ដាញគាំទ្ររវាងអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៌នានា ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋបន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង